រដ្ឋបាលខេត្តព្រះសីហនុ ​ផ្អាកការលក់គ្រឿងស្រវឹង​១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់​ទី២៨ ខែមេសា

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១នេះថា ស្ថិតក្នុងស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​​ កាន់តែរីករាលដាលខ្លាំងឡើងៗ និងក្នុងគោលបំណងធានាការពារដល់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ
សណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដូចខាងក្រោម៖

១- ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ និងស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ

២- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

៣- គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈនិងអាជីវករ អ្នកលក់ដូរអ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្កាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន។

ផ្តើមពីបញ្ហានេះ បើបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ-អ្នកគ្រប់គ្រងក្រុមហ៊ុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាងម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងនានាពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង ដូចបានរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។

អាស្រ័យដូចនេះ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ គណៈកម្មការគ្រប់គ្រងផ្សារ ម្ចាស់ក្រុមហ៊ុន ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង