រដ្ឋបាលខេត្តព្រះសីហនុ ​សម្រេចបិទ​អាជីវកម្មផ្សារ​​លើ១៤ថ្ងៃ ​ក្រោយរកឃើញអាជីវករ​១៣នាក់ ឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្អាកជាបណ្តោះអាសន្ន ការបើកអាជីវកម្មផ្សារលើរយៈពេល​១៤ថ្ងៃ គិតចាប់ពីម៉ោង ០៣រសៀល​ថ្ងៃទី​១៦ ដល់ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១។ ការចេញសេចក្តីសម្រេចបិទផ្សារលើ របស់រដ្ឋបាលខេត្តព្រះសីហនុ បានកើតឡើងក្រោយពេល មន្ត្រីសុខាភិបាល បានរកឃើញអាជីវករលក់ដូរ​ក្នុងផ្សារលើ​ ​ចំនួន​១៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មកនេះ។

​រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា នៅក្នុងអំឡុងពេល ផ្អាកជាបណ្តោះអាសន្នការធ្វើអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ គឺអ្នកជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ និងដោយប្រយោលក្តី ត្រូវមកយកវត្ថុសំណាក​​ ដើម្បីតេស្តរកមេរោគកូវីដ-១៩ ឲ្យបាន​ទាំងអស់គ្នា។ ជាងនេះទៀត ក៏ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល ឲ្យមានអនាម័យល្អ នៅក្នុងរយៈពេលបិទផ្សារលើ រយៈពេល១៤ថ្ងៃនេះ។

​ដោយឡែក ចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញ ក្រោយបិទរយៈពេល ០៣ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជ​មានកូវីដ-១៩ លើក​ទី១ ពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ តែប៉ុណ្ណោះ។

ជាងនេះទៀត រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យចុះអង្កេត​តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ ក្នុងខេត្តព្រះសីហនុ ហើយបើរកឃើញថា មានអាជីវករ​រូបណា ​តម្លើង​ថ្លៃទំនិញ​ខុសប្រក្រតី ​នឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលឲ្យបានធ្ងន់ធ្ងរបំផុត។ ហើយថា បើការតម្លើងថ្លៃនេះ រដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យឃើញថា បានបង្កចលាចលក្នុងសង្គម អាជីវកររូបនោះ នឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង