មន្ត្រីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថា មានអ្នកជំងឺកូវីដ-១៩​ម្នាក់ បានស្លាប់នៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ បានទទួលមរណៈភាព នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកនាំពាក្យដ៏ដែលបានបន្តថា អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅ​ខេត្តព្រះសីហនុ ​ហើយបានចូល​សម្រាកនៅ​មន្ទីរពេទ្យបង្អែកខេត្ត ដោយដាក់ឲ្យនៅបន្ទប់​​ដាច់ដោយឡែក ពីគ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៧ និង៣០នាទី ដោយមូលហេតុ ហត់ខ្លាំងពេក។ ហើយបន្ទាប់មក នៅថ្ងៃដដែលនេះ ក្រុមគ្រូពេទ្យ ក៏បានយកវត្ថុសំណាក របស់​បុរសនេះ យកទៅធ្វើវិភាគរកវីរុស​កូវីដ​-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ម៉ោង១៧ និង២៣នាទី ​ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩។ ​ហើយក្រោយទទួលលទ្ធផល អ្នកជំងឺបានស្លាប់នៅម៉ោង​ ១៨ និង៥០នាទី​។ បុរសខាងលើទទួលមរណៈភាព ដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។

ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងមិនដឹងថា ខ្លួនមានផ្ទុកមេរោគកូវីដ-១៩នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរទើបមកសម្រាកព្យាបាល ធ្វើឱ្យក្រុមគ្រូពេទ្យពុំអាច​ជួយ​សង្គ្រោះ​បាន។

មន្ត្រីសុខាភិបាល បានបញ្ជាក់ថា ​ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥៩នាក់។ ក្នុងនោះក្រុមគ្រូពេទ្យ បានព្យាបាលជាសះស្បើយសរុបចំនួន ៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន ៩៣នាក់។ ​ចំពោះអ្នកមកយកសំណាក​ទាន់ពេលវេលា គឺលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយមានភាគរយខ្ពស់ ​ព្រមទាំងកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃផងដែរ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ សូមរួសរាន់មកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យទទួលបានជោគជ័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង