សមត្ថកិច្ចស្រុកព្រៃនប់ ​បន្តឃាត់ខ្លួន​ពលរដ្ឋ​៥នាក់ទៀត យកទៅផាកពិន័យ ​ព្រោះមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានបន្តឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០៥នាក់ ដើម្បីធ្វើការពិន័យអន្តរការណ៍ ព្រោះមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស ឲ្យបានត្រឹមត្រូវស្របតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ការឃាត់ខ្លួនពលរដ្ឋទាំង​ ០៥នាក់ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី​​​១៦ ខែមេសា ឆ្នាំ២០២១។

យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា​៩ បានកំណត់​ថា “ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន)​រៀល ទៅ ១.០០០.០០០ (មួយលាន)​រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)​រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព”។

ទាក់ទិន​បញ្ហានេះ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ត្រង់ចំណុចនេះ លោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ធ្លាប់ព្រមានថា ចំពោះជនទាំងឡាយណា ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងឡើយ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានបន្តក្រើន​ក្រើនរំលឹកដល់​ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្ត​គោលការណ៍ការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ប្រយោជន៍ដើម្បី​រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង