​រកឃើញ​អាជីវករលក់ដូរ​នៅ​ផ្សារលើ ក្រុងព្រះសីហនុ​​២៥នាក់ទៀត ឆ្លងជំងឺ​កូវីដ-​១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ឲ្យដឹងថា ​រកឃើញ​អាជីវករលក់ដូរ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ចំនួន២៥នាក់ទៀត មានវិជ្ជមាន​កូវីដ-​១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញឈ្មោះ ​របស់អាជីវករឆ្លងជំងឺកូវីដ-១៩ទាំង ២៥នាក់ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្តី សូមរួសរាន់ទៅយកវត្ថុសំណាកធ្វើតេស្តពិនិត្យរកមេរោគកូវីដ-១៩ ឲ្យបានទាំងអស់គ្នា និងឲ្យបានឆាប់បំផុត។

​ផ្តើមពីបញ្ហានេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​បន្តទៀត រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់លោក លោកស្រី អាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបាន​ទៅទីតាំងតូបលក់ដូរ ឬបានទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺកូវីដខាង​លើ ​ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សំរាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរបស់ខ្លួន ឲ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។

ជាងនេះទៀត ចំពោះអ្នកពាក់ព័ន្ធដទៃទៀត ក៏ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវ​ពិនិត្យកម្ដៅយ៉ាងតិច ០២ដងក្នុងមួយថ្ងៃ- ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ បន្ថែមលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត។

ដោយឡែក បើក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី មានដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ- ក្អក កណ្តាស់- ហៀរសំបោរ- ឈឺបំពង់ក- មានកំហាក- ថប់ដង្ហើម​ជាដើម ត្រូវប្រញាប់ទាក់ទង ទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ៖ ០១២ ៧៩៤ ៨៩៦ និង ០១៦ ៥២៦ ៥២០។

សូមអានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង