ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យទាំងយប់ថ្ងៃ ទៅដឹកអ្នកជំងឺឈឺធ្ងន់ និងឈឺពោះសម្រាលកូនជាដើម ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G .T.V.C, Speed Boat Cambodia) នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនបុគ្គលោកនិងអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៀត ឲ្យទៅទទួលយកស្ត្រីពោះធំសម្រាលកូនម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះអូសបន្លាយពេលយូរមិនព្រមសម្រាល ដើម្បីបញ្ជូនមកសង្គ្រោះបន្ទាន់ ឬមកសម្រាលនៅមន្ទីរពេទ្យលើដីគោក នាក្រុងព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹងពីសមត្ថកិច្ចនគរបាលមកថា មានស្ត្រីម្នាក់រស់នៅលើកោះរ៉ុង បានឈឺពោះសម្រាលកូនមានសភាពធ្ងន់ធ្ងរ ប៉ុន្តែការឈឺពោះនោះបានអូសបន្លាយពេលយូរ ឬមិនព្រមសម្រាល ហើយខ្វះមធ្យោបាយដឹកជញ្ជូនស្ត្រីពោះធំរូបនោះ មកសម្រាលនៅមន្ទីរពេទ្យឯខេត្តព្រះសីហនុ ទើបរូបគាត់ក៏បានបញ្ជូនបុគ្គល និងអូប័រពេទ្យល្បឿនលឿនមួយគ្រឿង ឲ្យទៅដឹកស្ត្រីឈឺពោះសម្រាលកូនរូបនោះភ្លាមៗ មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ ឬឲ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលបានទាន់ពេល។

ស្ត្រីឈឺពោះសម្រាលកូនខាងលើនេះ មានឈ្មោះ កាម ណាយ៉េន អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ បូ ប្រុស ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្ន ស្ត្រីរូបនេះ បានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន G.T.V.C មកកាន់ផែលើដីគោកនាក្រុងព្រះសីហនុ និងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។

នាឱកាសនោះដែរ បុរសជាប្តីស្ត្រីរងគ្រោះ ឬស្ត្រីឈឺពោះសម្រាលកូនខាងលើ បានលើកម្រាមដៃដប់សំពះថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូនបុគ្គលិក និងអូប័រពេទ្យ ទៅទទួលយកប្រពន្ធរបស់គាត់ ដែលកំពុងឈឺពោះធ្ងន់ធ្ងរ ប៉ុន្តែមិនព្រមសម្រាលកូន ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅពេលនេះ។

ដោយឡែក នៅម៉ោងជិត ០៧យប់ថ្ងៃសុក្រ ទី១៦ ខែមេសាម្សិលមិញនេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបីប្រចាំខេត្តព្រះសីហនុផងនោះ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ឲ្យទៅទទួលយកស្ត្រីម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាពផងដែរ។

សមត្ថកិច្ចនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានឲ្យដឹងថា ស្ត្រីជួបថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានជិះម៉ូតូ ចេញពីភូមិកោះតូច ឆ្ពោះភូមិដើមថ្កូវ រួចក៏បានជិះដួលដោយខ្លួនឯង រងរបួសធ្ងន់ ហើយចាំបាច់ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ស្រ្តីរងគ្រោះមាន ឈ្មោះ សន ខេន អាយុ៥០ឆ្នាំ មានមុខរបរលក់បន្លែ ហើយបច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីខាងលើនេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ក្រោយទទួលដំណឹងពីកម្លាំងនគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមភ្លាម រូបលោក ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន G.T.V.C ឲ្យទៅទទួលយកស្រ្តីរងគ្រោះរូបនោះទាំងយប់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។

ចំណែក កាលពីព្រឹកថ្ងៃទី០៨ និងទី១២ ខែមេសា លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ C.T.V.C ឲ្យទៅទទួលទទួលយកស្រ្តីមានផ្ទៃពោះធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់ រស់នៅសង្កាត់កោះរ៉ុង និងស្ត្រីរងគ្រោះម្នាក់ទៀត រស់នៅសង្កាត់កោះរ៉ុងសន្លឹម ដែលមានជំងឺធ្លាក់ឈាមធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព ក្រោយពេលរូបលោក បានទទួលព័ត៌មាននេះ ពីសមត្ថកិច្ចនគរបាលប្រចាំការនៅលើកោះរ៉ុងរួចមក។

ចំពោះសកម្មភាពមនុស្សធម៌នេះ វាមិនមែនជាលើកទីមួយ ឬជាលើកទីពីរនោះទេ សម្រាប់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។ ពោលគឺលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើសម្មភាពសប្បុរសទាំងអស់នេះ មានចំនួនរាប់ម៉ឺនដងរួចមកហើយ ក្នុងសកម្មភាពប្រចាំថ្ងៃរបស់លោក ជាបន្តបន្ទាប់មកនេះ។ មានន័យថា លោកឧកញ៉ា ទៀ វិចិត្រ តែបានធ្វើការងារមនុស្សធម៌ជួយសង្គ្រោះអាយុជីវិតមនុស្ស ដោយមិនរើសវណ្ណៈ និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីនោះនេះ។ ហើយថា សកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ឬសត្វជាដើមនេះ គឺលោកឧកញ៉ា ទៀ វិចិត្រ បានអនុវត្ត ឬធ្វើសកម្មភាពដោយមិនគិតថា ពេលថ្ងៃ ឬពេលយប់ នឹងរិតតែបានមិនគិតសោះថា នៅលើដីគោក ឬដីកោះ ឬនៅលើលម្ហសមុទ្រនោះផងទេ គឺលោកឧកញ៉ា តែងបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន អស់ច្រើនសន្ធឹកសន្ធាប់ សម្រាប់ធ្វើការងារមនុស្សធម៌នេះ។ ជាពិសេសនៅក្នុងអំឡុងពេល ប្រទេសកម្ពុជា បានទទួលការរាតត្បាតធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ គឺលោកឧកញ៉ា ទៀ វិចិត្រ តែបានផ្តល់ជំនួយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ អាហារហូបចុក ភេសជ្ជៈគ្រប់ប្រភេទ និងថវិកាផងដែរ សម្រាប់ឧបត្តម្ភជូនក្រុមសង្គ្រោះបន្ទាន់ជួរមុខ នៃរដ្ឋបាលខេត្តព្រះសីហនុ ទាំងក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធ ដែលប្រចាំការនៅតាមមន្ទីរពេទ្យ មណ្ឌលធ្វើចត្តាឡីស័ក និងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅតាមព្រំប្រទល់ខេត្តព្រះសីហនុជាដើម ជាបន្តបន្ទាប់បន្តរហូតមកដល់ពេលនេះ។

យ៉ាងណាក៏ដោយចុះនៅចុងបញ្ចប់ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឆ្លៀតថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបានចូលរួមសហការជាមួយក្រុមហ៊ុន G.T.V.C របស់លោក ដោយជានិច្ចជាកាល លោកវេជ្ជបណ្ឌិត តែងបានបញ្ជូនរថយន្តសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យ មកទទួលអ្នកជំងឺគ្រប់ប្រភេទ ចេញពីផែអូប័រនានា ក្នុងក្រុងព្រះសីហនុ ក្រោយពេលក្រុមសង្គ្រោះ របស់ក្រុមហ៊ុនលោក បានដឹកអ្នកជំងឺមកដល់ផែនីមួយៗ ដើម្បីដឹកបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបន្តបន្ទាប់នាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ននេះ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង