គ្រូពេទ្យខេត្តកោះកុងថា ជនជាតិចិនម្នាក់ ដែលស្លាប់កាលពីថ្ងៃទី១៦មេសា មិនមែនដោយជំងឺកូវីដ-១៩ទេ

ខេត្តកោះកុង៖ ជនជាតិចិនម្នាក់ ជាបុគ្គលិកក្រុមហ៊ុន L.Y.P Group បានស្លាប់ ក្រោយពេលដួលសន្លប់នៅលើកៅអី ក្នុងបន្ទប់ធ្វើការ របស់គាត់ កាលពីម៉ោង ១១ និង​៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១។

សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះ​មាន​ឈ្មោះ យ៉ាង ស៊ីរួយ ភេទប្រុស អាយុ ២៤​ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខEG8351743 ផុតកំនត់ថ្ងៃទី28.07.2029 (ទិដ្ឋាការគ្មាន) មុខរបរជា បុគ្គលិកក្រុមហ៊ុន L.Y.P Group​។ បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុនខាងលើ ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​។

លោកវេជ្ជបណ្ឌិត ខឿន សក្កិសុគន្ធ ប្រធានផ្នែកជម្ងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់​ថា ជនរងគ្រោះឈ្មោះ យ៉ាង ស៊ីរួយ ភេទប្រុស អាយុ ២៤​ឆ្នាំ ​ជនជាតិចិន ខាងលើនេះ បានស្លាប់មុនពេលបញ្ជូន​មកដល់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ លោកបន្តថា ក្រោយពីគ្រូពេទ្យជំនាញ បានធ្វើការពិនិត្យលើសពរងគ្រោះរួច ក្រុមគ្រូពេទ្យ បានរក្សា និងតម្កល់សព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីរង់ចាំដំណឹងពីស្ថានទូតចិន នៅពេលក្រោយ។

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត កម្លាំងអន្តោប្រវេសស្រុកមណ្ឌលសីមា និងកម្លាំងអន្តោប្រវេសខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ខឿន សក្កិសុគន្ធ ប្រធានផ្នែកជម្ងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបានចុះពិនិត្យ និងយកសំណាកតេស្ដរកជំងឺកូវីដ-១៩ របស់ជនរងគ្រោះខាងលើ បញ្ជាក់ថា លទ្ធផល ដែលទទួលបានគឺជនរងគ្រោះរូបនេះ អវិជ្ចមានជំងឺកូវីដ-១៩​៕

អត្ថបទដែលជាប់ទាក់ទង