សម្តេច ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជារួចហើយ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬផេក ផ្ទាល់ របស់សម្តេច កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១​ បញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាព របស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅ​តាមតម្រូវការបញ្ជាទិញ របស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែក​យ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជា ទទួលបាននោះ កម្ពុជា បានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង