ពលរដ្ឋ៧៨គ្រួសាររស់នៅស្រុកព្រៃនប់ ស្នើលោក ជា សុផារ៉ា ពិសេសសម្តេច ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន អ៉ីសេង រំលោភដីចំការដំណាំ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី ថា បាននាំយកគ្រឿងចក្រមកឈុះឆាយបំផ្លាញ​ដីចំការដាំណាំពួកគាត់បំផ្លាញចោល និងបានហាមប្រជាពលរដ្ឋ មិនឲ្យចូលទៅចំការធ្លាប់រស់អាស្រ័យផលតាំងពីឆ្នាំ១៩៩២កន្លងមកនោះទៀត ដោយក្រុមហ៊ុននេះ បានដាក់ពង្រាយ កម្លាំងយោធា ឬទាហាន ឲ្យមកយាមបរិវេណដីទំនាស់នេះយ៉ាងតឹងរឹង ចាប់ពីឆ្នាំ២០១០បន្តរហូតមកដល់ឆ្នាំ២០២១នេះ ក្រោមហេតុផលក្រុមហ៊ុន អ៉ីសេង ខាងលើនេះ ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលដោយ​ស្របច្បាប់។ ប៉ុន្តែជាក់ស្តែងតំណាងពលរដ្ឋទាំង ៧៨គ្រួសារ អះអាងថា ក្រុមហ៊ុន អ៉ីសេងនេះ មិនមានអភិវឌ្ឍអ្វីទាំងអស់ ក្រៅពីប្រើគ្រឿងចក្រមកឈូសបំផ្លាញផលដំណាំរបស់ពួកគាត់ និង​ហាមពួកគាត់មិនឲ្យចេញចូលទៅដីចំការធ្លាប់រស់អាស្រ័យផលតែប៉ុណ្ណោះ។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមកបង្កបង្កើនផលដាំដុះ នៅលើដីចំការកំពុងមានវិវាទខាងលើនេះ តាំងពីឆ្នាំ១៩៩២មកម្លេះ ដោយមានដំណាំហូបផ្លែមួយចំនួនមានដូចជា៖ ដើមស្វាយ ដើមខ្នុរ ដើមចេក ដើមខ្វិត និងបង្កបង្កើនផលស្រូវជាដើម ដោយក្នុងអំឡុងពេលនោះ ពុំដែលមានក្រុមហ៊ុន ឬបុគ្គលណាម្នាក់ មកចេញមុខអះអាងថា ជាដីកម្មសិទ្ធិ របស់គេឡើយ។ ប៉ុន្តែ​បែរ​​ជាមកដល់ឆ្នាំ២០១០ ទើបឃើញមានក្រុមទាហានមួយក្រុម បានមកចេញមុខអះអាងថា បរិវេណដីចំការ របស់ប្រជាពលរដ្ឋពួកគាត់ នៅចំណុចខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន អ៉ីសេង ទៅ​វិញ ហើយ​​ក្រុមទាហ៊ានស៊ីឈ្នួលយាមដីឲ្យក្រុមហ៊ុននេះ បានមកបណ្តេញពលរដ្ឋពួកគាត់ ឲ្យចេញពីទីតាំងដីខាងលើ និងហាមពលរដ្ឋ មិនឲ្យធ្វើដំណើរចេញចូលមកដីចំការរបស់ពួកគាត់ថែមទៀត​ផងចាប់​តាំងពីឆ្នាំ២០១០ បន្តរហូតមកដល់ឆ្នាំ២០២១នេះ។

ទាក់ទិនបញ្ហានេះដែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តំណាងប្រជាពលរដ្ឋទាំង ៧៨គ្រួសារ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានដាក់ពាក្យបណ្តឹងជាថ្មីទៀត​ជូន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ដោះស្រាយដីចំការចាស់ ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន អ៉ីសេង ​ខូអិលធីឌី និងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋទាំង ៧៨គ្រួសារ ឲ្យទទួលបានយុត្តិធ៌មឡើងវិញ។

នៅក្នុងពាក្យបណ្តឹងដាក់ជូន លោក ជា សុផារ៉ា មានខ្លឹមសារបន្តថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋពួកគាត់ សម្រេចចិត្តដាក់ពាក្យស្នើសុំ អន្តរាគមន៍លើករណីមានវិវាទខាងលើនេះ ដោយហេតុថា អាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលខេត្តព្រះសីហនុ ពុំបានជួយរកដំណោះស្រាយជូនពលរដ្ឋពួកគាត់ទេកន្លងមក ទោះបីប្រជាពលរដ្ឋពួកគាត់ ធ្លាប់បានដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ទៅអាជ្ញាធរភូមិ-ឃុំ រហូត​ដល់អភិបាលខេត្តព្រះសីហនុផង ប៉ុន្តែនៅតែគ្មានដំណោះស្រាយជូនពួកគាត់ទៀត។

ពលរដ្ឋអះអាងថា ពាក្យបណ្តឹងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយលើវិវាទដីធ្លីនៅមូលដ្ឋានឃុំទឹកថ្លានេះ គឺប្រជាពលរដ្ឋពួកគាត់ បានដាក់បណ្តឹងតវ៉ាតាំងពីឆ្នាំ២០១០ បន្តអូសបន្លាយ​មកដល់ឆ្នាំ២០២១ ក៏មិនទាន់មានអាជ្ញាធរ ចាប់ពីថ្នាក់ភូមិ-ឃុំ-ស្រុក រហូតដល់រដ្ឋបាលខេត្តព្រះសីហនុ គឺមិនទាន់បានចេញមុខជួយអន្តរាគមន៍រកយុត្តិធ៌ម ជូនពលរដ្ឋពួកគាត់នៅឡើយទេ។

ជាងនេះទៀត រាល់ថ្ងៃនេះ ប្រជាពលរដ្ឋពួកគាត់ទាំង ៧៨គ្រួសារ មិនអាចធ្វើដំណើរចេញចូលទៅដីចំការចាស់ របស់ពួកគាត់បានទៀតទេ ព្រោះត្រូវបានក្រុមទាហានយាមដីឲ្យក្រុមហ៊ុន អ៉ីសេង បានធ្វើរបាំងបិទផ្លូវ និងយាមកាមយ៉ាងតឹងរឹង ហើយគំរាមប្រជាពលរដ្ឋមិនឲ្យចេញចូលទៅចំការធ្លាប់អាស្រ័យផលអស់រយៈពេល ១១ឆ្នាំកន្លងមកហើយ។ ពលរដ្ឋអះអាងទៀតថា រាល់ថ្ងៃនេះមានបុគ្គលឈ្មោះ ផល្លី និងទាហានប្រមាណ ១០នាក់ បានយាមកាមយ៉ាងតឹងរឹង នៅក្នុងបរិវេណដីចំការចាស់របស់ពួកគាត់ ប៉ុន្តែមិនឃើញក្រុមហ៊ុន អ៉ីសេង មានសកម្មភាពវិនិយោគអ្វីទាល់តែសោះ ចាប់តាំង​ពីឆ្នាំ២០១០ បន្តរហូតមកដល់ឆ្នាំ២០២១នេះ។

ផ្តើមពីបញ្ហានេះ តំណាងប្រជាពលរដ្ឋទាំង ៧៨គ្រួសារ បានសំណូមពរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ សូមជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី ជាមួយក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី និងជួយផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋពួកគាត់ដោយអនុគ្រោះផងចុះ។

ចំណែក លោកមេឃុំទឹកថ្លា បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ជុំវិញបញ្ហាទំនាស់ដីធ្លី រវាងពលរដ្ឋ៧៨គ្រួសារ ជាមួយក្រុមហ៊ុន អ៉ីសេង ខាងលើនេះ កន្លងមករូបលោក ក៏ធ្លាប់បានទៅហាមឃាត់ក្រុមហ៊ុន អ៊ីសេង កុំឲ្យធ្វើសកម្មភាពឈុះឆាយនាំឲ្យប៉ះពាល់ដល់ដីចំការ ឬផលដំណាំបង្កបង្កើនផល របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ បួន ទៅ ប្រាំដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនអ៊ីសេង មិនអនុវត្តតាមទេ ហើយបានបន្តសកម្មភាពប្រើគ្រឿងចក្រមកសួសឆាយដី នៅត្រង់ចំណុចដីចំការពលរដ្ឋ ដែលមានវិវាទនោះដដែល។

ឆ្លើយតបញ្ហានេះ បុរសឈ្មោះ ផល្លី ដែលពលរដ្ឋអះអាងថា ជាទាហានយាមដី តំណាងឲ្យក្រុមហ៊ុន អ៉ីសេង បានបញ្ជាក់ថា ទីតាំងបរិវេណដីទំនាស់ខាងលើនេះ គឺក្រុមហ៊ុន អ៉ីសេង បានទទួលសិទ្ធិ​វិនិយោគពីរាជរដ្ឋាភិបាលស្របច្បាប់។ យ៉ាងនេះក្តី តំណាងក្រុមហ៊ុនរូបនេះ នៅពេលប្រជាពលរដ្ឋ បានស្នើសុំឲ្យបង្ហាញឯកសារវិនិយោគដីតំបន់ខាងលើនេះ មកពួកគាត់ គឺបុគ្គលឈ្មោះ ផល្លី ជាតំណាង​ឲ្យក្រុមហ៊ុន អ៉ីសេង រូបនេះ មិនបានបង្ហាញឲ្យប្រជាពលរដ្ឋឃើញទេ គឺបានត្រឹមនិយាយអះអាងតែនៅលើបបូរមាត់គាត់ប៉ុណ្ណោះ។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង សរ កក្កដា អភិបាលស្រុកព្រៃនប់ ដើម្បីបំភ្លឺលើករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ ជាមួយភាគីក្រុមហ៊ុន អ៉ីសេង ខូអិលធីឌី បានទេនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយដែរ។

គួររំលឹកថា តាមការអះអាង របស់តំណាងប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅឃុំទឹកថ្លា ស្រុកព្រៃនប់ បានញ្ជាក់ថា ទំនាស់ដីធ្លីរវាងពលរដ្ឋពួកគាត់ ជាមួយក្រុមហ៊ុន អ៉ីសេង ខាងលើនេះ គឺកន្លង​មក​ពួកគាត់ ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹង ទៅកាន់រដ្ឋបាលខេត្តព្រះសីហនុម្តងដែរ តាំងពីជំនាន់ លោក ស្បោង សារ៉ាត់ នៅជាអភិបាលខេត្តព្រះសីហនុ។ ហើយបន្តមកទៀត នៅឆ្នាំ២០២០កន្លងទៅ ពួកគាត់ ក៏បានដាក់ពាក្យបណ្ដឹងសារជាថ្មីទៀត ទៅកាន់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីសុំជួយរកយុត្តិធម៌លើវិវាទដីធ្លីជូនប្រជាពលរដ្ឋពួកគាត់ទាំង ៧៨គ្រួសារជាបន្តទៀត។ ប៉ុន្តែនៅ​តែគ្មាន​ដំណោះស្រាយ ឬចម្លើយឆ្លើយតបពី រដ្ឋបាលខេត្តព្រះសីហនុដដែល គិតមកត្រឹមខែមេសា ឆ្នាំ២០២១នេះ។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋទាំង ៧៨គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ក៏បានបន្តដង្ហោយរកកិច្ចអន្តរាគមន៍បន្ថែមទៀតទៅដល់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ឲ្យបានឆាប់ដោយអនុគ្រោះផងចុះ ត្បិតរាល់ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទឹកថ្លាពួកគាត់ កំពុងរងទុក្ខពីការបាត់បង់ដីចំការធ្លាប់រស់អាស្រ័យផល និងប្រកបរបរដាំដុះចិញ្ចឹមជីវិតប្រចាំថ្ងៃ បណ្តាលមកពីក្រុមទាហានយាមដីឲ្យក្រុមហ៊ុន អ៉ីសេង បិទផ្លូវឆ្លងកាត់ និងគំរាមពួកគាត់ មិនឲ្យចូលទៅកាន់ដីចំការ របស់ពួកគាត់ទៀតទេ។ ហើយ​ថា ករណីនេះ បានអូសបន្លាយពេលជាងដប់ឆ្នាំកន្លងមកហើយ នៅឡើយអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនទាន់រកដំណោះស្រាយលើវិវាទដីធ្លីខាងលើជូនពួកគាត់ទៀត៕

អត្ថបទដែលជាប់ទាក់ទង