ឧបករណ៍តេស្ដ​រកមេរោគកូវីដ-១៩ ដែលក្រសួងយកមកប្រើថ្មី នឹងអាចដឹងលទ្ធផលត្រឹម​តែ១៥នាទីប៉ុណ្ណោះ..

រាជធានីភ្នំពេញ​៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងនៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួង នឹងចាប់ផ្ដើមអនុវត្ដ​ការធ្វើតេស្ដរហ័ស ដើម្បីរកមេរោគកូវីដ-១៩ ដែលមានឈ្មោះថា «PANBIO COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដ-ក្រុងនានា ដែលមានហានិភ័យខ្ពស់។

លោកស្រី​បន្ដថា «ដោយយោងតាមការប្រជុំពិភាក្សា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្រេចជ្រើសយើងឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅគ្រប់ទីកន្លែង​ដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។

លោកស្រី យក់ សម្បត្ដិ ឲ្យដឹងដូច្នេះ រួមបញ្ជាក់បន្ថែមថា «បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សខាងលើនេះ កាលពីម្សិលមិញ ខណៈដែលមន្ត្រីសុខាភិបាល បានយកទៅធ្វើតេស្ដ ដល់អ្នកសង្ស័យមានវិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ គឺយើងបាន​រកឃើញអ្នកវិជ្ជមាន រហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺឃើញលទ្ធផលដូចគ្នា។ ដូច្នេះថ្ងៃនេះ យើងចាប់ផ្ដើមអនុវត្ដតែម្ដង»។

​ត្រង់ចំណុចនេះ លោកស្រី យក់ សម្បត្តិ បញ្ជាក់បន្ថែមថា ឧបករណ៍ធ្វើតេស្ត​រកមេរោគកូវីដ-១៩ រហ័សខាងលើនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន ចំណាយពេលត្រឹមតែ ១០-១៥នាទី បានដឹងលទ្ធ​ផល។ ដូច្នេះ ចាប់ពីពេលនេះទៅ ពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យហើយ គឺធ្វើតេស្ដនៅនឹងកន្លែងតែម្ដង បើវិជ្ជមាន យើងនឹងបញ្ជូនគាត់ទៅព្យាបាល នៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ចល័ត​ចេញពីតំបន់ ឬសង្កាត់ដែលគាត់រស់នៅ ជាពិសេសងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ គឺប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦​៣៨៩នាក់។ ក្នុងនោះករណីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មានចំនួន ៥​៨៤៦នាក់, អ្នកជាសះស្បើយចំនួន ២​៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣​៨៦៥នាក់, អ្នកស្លាប់មានចំនួន ៤៣នាក់ និងស្លាប់ដោយជំងឺផ្សេងៗក្នុងអំឡុងពេលកំពុងសម្រាក​ព្យាបាលជំងឺ​កូវីដ-១៩ មានចំនួន០៥នាក់៕ ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង