សមត្ថកិច្ចស្រុកព្រៃនប់ ពិន័យពលរដ្ឋ៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន)រៀល ទៅ ១.០០០.០០០ (មួយលាន)រៀល ចំពោះបុគ្គលដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិន គោរពវិធានការគម្លាតសុវត្ថិភាព»។

ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំពោះករណីនេះ ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈ របស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

បន្ថែមលើនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង