​សេចក្តីសំរេច​ស្តីអំពីការចាក់វ៉ាក់សាំងកូវីដ​-១៩ ដូសទី២ ក្នុងបរិបទ​បិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ គឺពលរដ្ឋរស់នៅខណ្ឌណាចាក់នៅខណ្ឌនោះ..

រាជធានីភ្នំពេញ៖ ​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងសុខាភិបាល បានចេញសេចក្តីសង្ខេប នៃខ្លឹមសារនៃកិច្ចប្រជុំតាមប្រព័ន្ធ Zoom ​អំពីការរៀបចំេសេចក្តីសំរេច ស្តីអំពីការចាក់វ៉ាក់សាំងកូវីដ​-១៩ ដូសទី២ ក្នុងបរិបទការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្ត្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន​គណៈ​កម្មការចំពោះកិច្ច​​ចាក់វ៉ាក់សាំងកូវីដ-១៩ មានខ្លឹមសារដូចខាងក្រោម៖

– ប្រជាពលរដ្ឋ(បុគ្គលត្រូវចាក់វ៉ាក់សាំង) មិនអាចធ្វើដំណើរឆ្លងខេត្ត-ខេត្ត-រាជធានី និងពីខណ្ឌមួយ ទៅខណ្ឌមួយទៀត ដើម្បីទៅចាក់វ៉ាក់សាំងដូសទី២បានទេ។

– ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវធ្វើនៅតាមទីតាំង រាជធានី-ខេត្ត (តាមខណ្ឌ) ដែលបុគ្គលកំពុងរស់នៅបច្ចុប្បន្ន។

– ការចាក់វ៉ាក់សាំងដូសទី២ (Sinopham & Sinovac)៖

+ នៅរាជធានីភ្នំពេញ៖ នៅតាមទីតាំងខណ្ឌ ត្រូវបានរៀបចំទីតាំងដាច់ដោយឡែកពីគ្នា ពោលមានទីតាំងមួយចំនួនសំរាប់ចាក់ Sinopham និងទីតាំងមួយចំនួនសំរាប់ចាក់ Sonovac។ (មានតារាងបញ្ជាក់ទីតាំងចាក់វ៉ាក់សាំង ទាំង២ប្រភេទនៅតាមខណ្ឌ នៅក្នុងសេចក្តីសំរេច)

+ នៅទីក្រុងតាខ្មៅ៖ បុគ្គលត្រូវចាក់វ៉ាក់សាំងដូសទី២ ត្រូវទៅចាក់នៅ មន្ទីរពេទ្យបង្អែកជ័យជំនះ រឺមណ្ឌលសុខភាពស្វាយរលំ

បុគ្គលទៅចាក់ដូសទី២ ត្រូវយកជាមួយជាចាំបាច់នូវឯកសារមួយចំនួនដូចជា ប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត (ក្នុងករណីមិនបានយកឯកសារទាំងនេះ​មកជាមួយ បុគ្គលអាចបង្ហាញឯកសារខាងលើតាមប្រព័ន្ធអេឡិចត្រូនិចបាន)។ ចំពោះជនបរទេស សូមយកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងលិខិតឆ្លងដែន។

– កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២ (Sinopham & Sinovac) គឺកំណត់យកពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ បុគ្គលបានចាក់ដូសទី១ កាលពីថ្ងៃទី១ ខែមេសា ត្រូវចាក់ដូសទី២ ថ្ងៃទី២០ ខែមេសា ហើយរាប់បន្តបន្ទាប់តាមថ្ងៃនៃដូសទី១តទៅ ដោយមិនអោយលើសពី ២៨ថ្ងៃ បន្ទាប់ពីចាក់ដូសលើកទី១រួច។ (មានតារាងកាលបរិច្ឆេទ សម្រាប់បុគ្គលត្រូវចាក់វ៉ាក់​សាំងកូវីដ-១៩ លើកទី២ ក្នុងឧបសម្ព័ន្ធ នៃសេចក្តីសំរេច)

– សូមបុគ្គលដែលបានចាក់ Sinovac & Sinopham ដូសទី១ ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ដែលត្រូវចាក់ដូសទី២ (ក្រសួង ស្ថាប័ន និងតាមមូលដ្ឋាន) សូមទាក់ទងអជ្ញាធរមូលដ្ឋាន ឬមន្ទីសុខាភិបាល ក្នុងទីតាំងដែលខ្លួនកំពុងរស់នៅ។

– ចំពោះកម្មករ កម្មការនី ត្រូវបានរៀបចំចាក់ជូនដោយក្រសួងការងារ។ កងទ័ព ត្រូវរៀបចំដោយ ក្រសួងការពារជាតិ។

– ចំពោះបុគ្គលបានចាក់វ៉ាក់សាំង covishield នឹងត្រូវចាក់ដូសទី២ ក្នុងពេល ៨-១២ សប្តាហ៍ បន្ទាប់ពីដូសទី១ ដែលមានចាក់តែនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុប៉ុណ្ណោះ។ គណៈ​កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នឹងជូនដំណឹងស្តីអំពីការចាក់វ៉ាក់សាំង coviseild ដូសទី២ នៅពេលក្រោយ។

​សេចក្តីសន្និដ្ឋាន៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកសារព័ត៌មាន ដែលបានចាក់វ៉ាក់សាំង Sinovac ដូសទី១ នៅទីស្តីការក្រសួងព័ត៌មាន នាពេលកន្លងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ ចាប់​ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅតាមទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌ ដែលខ្លួនកំពុងរស់នៅបច្ចុប្បន្ន​ សម្រាប់អ្នកកំពុងរស់នៅរាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាព​ស្វាយរលំ សម្រាប់អ្នកកំពុងរស់នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែក ចំពោះបុគ្គលដែលបានធ្វើដំណើរ ហើយកំពុងស្នាក់នៅតាមខេត្តនានា សូមទាក់ទងទីតាំងចាក់វ៉ាក់សាំងនៅជិតទីតាំងខ្លួនរស់នៅ ដើម្បីទទួលបានវ៉ាក់សាំងដូសទី២។ ហើយ​សូមយកជា​មួយ​ប័ណ្ណចាក់វ៉ាក់សាំងដូសទី១ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន នៅពេលចាក់វ៉ាក់សាំងដូសទី២ (បើមិនបានយកជាប់ខ្លួន អាចបង្ហាញតាមប្រព័ន្ធអេឡិកត្រូនិច)។ (តារាងទីតាំងចាក់វ៉ាក់សាំង​​នៅតាមខណ្ឌក្នុងរាជធានី និងតារាងកាលបរិច្ឆេទ នឹងមានភ្ជាប់ជាមួយសេចក្តីសំរេច)៕ ​

អត្ថបទដែលជាប់ទាក់ទង