​ពលរដ្ឋសំំណូមពរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបង្ក្រាបហាងម៉ាស្សាដុះស្លែ ដែលផ្គើនបទបញ្ជាសម្តេច ហ៊ុន សែន ទប់ស្កាត់កូវីដ-១៩

ខេត្តកោះកុង៖ មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋ រស់នៅក្នុងក្រុងខេមរភូមិន្ទ បានផ្តល់ព័ត៌មានមកថា រាល់ថ្ងៃនេះ​មានទីតាំងបើកបំរើសេវាម៉ាស្សា​មួយកន្លែង ដែលមិនមានដាក់​ស្លាកយីហោច្បាស់លាស់ ប៉ុន្តែមាន​ស្ត្រីជនជាតិវៀតណាមក្មេងៗជាច្រើននាក់ រង់ចាំទទួលសេវាម៉ាស្សាដល់ភ្ញៀវ ឬអតិថិជនយ៉ាងជក់ចិត្ត រហូតដល់សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តកោះកុងជាដើម ទុកឲ្យបើកបំរើសេវាម៉ាស្សានេះ ផ្គើនទៅនឹងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសផ្គើនទៅនឹងបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ ទីតាំងម៉ាស្សាខាងលើនេះ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយទីតាំងម៉ាស្សាខាងលើនេះ មិនត្រូវបាន​សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ចុះបិទឬបង្ក្រាបនោះ ទោះបីមានបំរាមទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលជាបន្តបន្តបន្ទាប់បែបណាក្តី។

ប្រជាពលរដ្ឋ​បានអះអាងថា ​ទីកន្លែងបើកបំរើសេវាម៉ាស្សាខាងលើនេះ គឺបានចាក់គ្រឹះជាយូរឆ្នាំកន្លងមកហើយៗ អាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏បានស្គាល់ទីតាំង និងម្ចាស់បើកបំរើសេវាម៉ាស្សានេះយ៉ាង​ច្បាស់ថែមទៀត​ផង ប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជា សមត្ថកិច្ចទាំងស្ថាប័ននគរបាល និងកងរាជអាវុធហត្ថខេត្តកោះកុង មិនព្រមចុះបង្ក្រាប ឬផ្អាកសកម្មភាពសេវាម៉ាស្សានេះទៅវិញ ដោយទុកឲ្យ​ផ្គើន នឹងបំរាមរបស់ក្រសួងសុខាភិបាល ជាពិសេសបទបញ្ជា របស់សម្តេចប្រមុខដឹកនាំបែបនេះទៅវិញ?។



ត្រង់ចំណុចនេះ សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ មានចម្ងល់ថា តើមានមូលហេតុអ្វី បានជាសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង មិនព្រមចុះបិទ ឬបង្ក្រាបហាងម៉ាស្សា ដែលមានស្ត្រីជនជាតិវៀតណាមក្មេងៗជាច្រើននាក់ ឲ្យស្របតាមបំរាម របស់ក្រសួងសុខាភិបាល និងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញ​បែប​នេះទៅវិញ។ ខណៈការ​ឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានកើនពីមួយថ្ងៃទៅមួយថ្ងៃ ​នៅទូទាំងប្រទេសកម្ពុជាទៅហើយនោះ។

​យ៉ាងណាក៏ដោយចុះ ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ស្នើមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងម៉ាស្សាមានស្ត្រីជនជាតិវៀតណាមក្មេងៗរង់ចាំគក់ច្របាច់ ឬបំរើសេវាផ្សេងៗទៀត ជូនភ្ញៀវ មិនឲ្យខកចិត្ត​ខាងលើនេះ ជាកម្មសិទ្ធិឈ្មោះ ចក់ អតីត​អធិការរងក្រុងខេមរភូមិន្ទ ប៉ុន្តែពេលនេះ រូបលោកបានចូលនិវត្តន៍ទៅហើយ។ ​

ប្រភពដដែលបន្តថា ស្ត្រីជនជាតិវៀតណាមក្ម្មេងៗជាច្រើននាក់ ដែលមកធ្វើការជាស្ត្រីម៉ាស្សានៅក្នុងវីឡាដ៏ស្កឹមស្កៃខាងលើនេះ ក៏កំពុងស្ថិតក្នុងការសង្ស័យ របស់សមត្ថកិច្ច អំពីទិដ្ឋាការស្នាក់នៅ និងច្បាប់ការងារ របស់ស្ថាប័ន​​អនុវត្តច្បាប់អន្តោប្រវេសន៍ថែមទៀតផង។

ចំពោះករណីខាងលើនេះ លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅរសៀលថ្ងៃចន្ទ ទី​១៩ ខែមេសា ឆ្នាំ ២០២១នេះថា អាជីវកម្មម៉ាស្សាខាងលើនេះ គឺម្ចាស់ទីតាំងនេះ បានសុំការអនុញ្ញាត្តបើកធ្វើអាជីវកម្ម ​ទៅកាន់​ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងនេះរួចហើយ។ ប៉ុន្តែ​កាលនោះ​ម្ចាស់ទីតាំងបើកម៉ាស្សានេះ បានដាក់ឯសុទ្ធតែអត្កសារសញ្ញាបណ្ណបុគ្គលិកបំរើការងារម៉ាស្សាក្នុងទីតាំង របស់ខ្លួន គឺមានតែស្ត្រីជនជាតិខ្មែរទាំងអស់។ ប៉ុន្តែអ្វី​គួរឲ្យភ្ញាក់ផ្អើល​នោះ គឺនៅយប់ថ្ងៃទី១៨ ខែមេសា នៅគ្រាក្រុមការងាររដ្ឋបាលក្រុង ចុះរិតបន្តឹង និងផ្សព្វផ្សាយសេចក្តីណែនាំ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់រដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ នងហាមការលក់ដូរឬចែកចាយគ្រឿងស្រវឹងជាដើមនោះ បែរជាឃើញបុគ្គលិកក្មេងៗជាស្ត្រីម៉ាស្សាទាំង​នោះ អត់ចេះនិយាយខ្មែរទាំងអស់។

ចំណែក លោក ញ៉ែម យី ចៅសង្កាត់រងទី១ ស្មាច់មានជ័យ បានទទួលថា ទីតាំងម៉ាស្សាខាងលើ ពិតជាមានជនជាតិវៀតណាមបំរើការងារនៅទីតាំងនោះពិតប្រាកដមែន គឺមានប្រមាណចន្លោះពី ០៨ ទៅក្រោម ១០នាក់​។ ហើយថា ករណីខាងលើនេះ អាជ្ញាធរសង្កាត់មានផលវិបាក ក្នុងការចុះអប់រំណែនាំស្តីពីវិធានសុខាភិបាល ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បានដាក់ចេញ​ឲ្យផ្សព្វផ្សាយដល់ពលរដ្ឋ ចូលរួមអនុវត្តន៍ ឲ្យមានប្រសិទ្ធភាព ខណ:បុគ្គលិកម៉ាស្សាជាស្ត្រីក្មេងៗជនជាតិវៀតណាមទាំងនោះ មិនចេះនិយាយខ្មែរនោះទេ។

ផ្តើមពីបញ្ហានេះ សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បានស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយមានវិធានការក្តៅ ឬដាក់បទបញ្ជាទៅ លោកស្នងការនគរបាលខេត្តកោះកុង និងលោកមេបញ្ជាការខេត្តនេះ ធ្វើយ៉ាងណាចុះបង្ក្រាបហាងម៉ាស្សាមួយកន្លែង មានទីតាំងនៅក្នុងក្រុងខេមរភូមិន្ទ ដែលមិនព្រមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសកំពុងប្រឆាំង នឹងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងលើនេះឲ្យមានប្រសិទ្ធភាព។ ខណៈទីតាំងម៉ាស្សា​នេះ សូម្បីតែលោកស្នងការនគរបាលខេត្តកោះកុង និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏ហាក់មិនរវល់អើពើ ក្នុងការចុះបង្ក្រាបនោះដែរ ដោយទុកឲ្យទីតាំងខាងលើនេះ ផ្គើននឹងបទបញ្ជា របស់ប្រមុខដឹកនាំយ៉ាគឃ្លើនរហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង