អតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទទួលមរណភាពដោយជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគយ ងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលមរណភាព នៅម៉ៅង ០៨ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មរណភាព របស់លោក គិន លី គឺទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានបង្ហាញការសោកស្តាយ និងចូលរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននាពេលនេះ។ ហើយក៏បានរៀបចំទីសក្ការដុតធូបបួងសួង សូមវិញ្ញាណក្ខន្ធ លោក គិន លី បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បង្ហាញថា ​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦២៤នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤៨នាក់។ ក្នុងនោះ រាជធានីភ្នំពេញ មានចំនួន ៤៦៥នាក់, ខេត្តព្រះសីហនុ មានចំនួន ១៤៤នាក់, ខេត្តតាកែវ ចំនួន ១០នាក់, ខេត្តស្វាយរៀង ០៣នាក់, ខេត្តកំពង់ចាម ចំនួន ០១នាក់ និងខេត្តពោធិ៍សាត់ ចំនួន ០១នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧០១៣នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងព្យាបាលចំនួន ៤៤៣៩នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៤៥នាក់៕

អត្ថបទដែលជាប់ទាក់ទង