សាខាកាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយចែកជូនពលរដ្ឋ១១០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១១០គ្រួសារ ជាលើកទី២ ដែលជួបការលំបាក ហើយកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រស់នៅក្រុមទី១៥ និងក្រុមទី១៦ ភូមិ៣ តំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សកម្មភាពខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដឹកនាំដោយ លោក គាំ សុខុម នាយកសាខា ព្រមទាំងមន្រ្តីសាខា អនុសាខា និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត។

នាឱកាសនោះ លោក គាំ សុខុម នាយកសាខា បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់ លោកប្រធានគណៈកម្មាធិសាខា លោកប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះផងដែរ លោកស្រី ឈុន ដារី អនុប្រធានគណៈកម្មាធិការ អនុសាខាក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការចូលរួមពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លង ក្នុងសហគមន៍ ឈានទៅលើកកម្ពស់ការផ្លាស់ប្តូទម្លាប់ធ្វើអនាម័យ ពីអវិជ្ជមាន ទៅវិជ្ជមាន ដោយត្រូវបន្តយកចិត្តទុកដាក់សម្អាតអនាម័យជាប្រចាំ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល និងជេលជាដើម។ ហើយប្រសិនបើមានកិច្ចការចាំបាច់ ត្រូវចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមា ឲ្យបានជាប់ជានិច្ច។ ជាងនេះទៀត ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួយដែលចែកជូននៅពេលនេះ គឺប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេសធំ ត្រីខ ១០កំប៉ុង,ទឹកត្រី ០១យួរ, ប្រេងឆា ០១ដប, ម៉ាស ០១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង