វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាលើសមត្ថកិច្ច នៅគោលដៅខណ្ឌជ្រោយចង្វារ

រាជធានីភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ​បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយពេលបុរសរូបនេះ បាន​បើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើនេះ។

​សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ជាមន្រ្តីយោធារូបនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កខាងលើនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ ឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។

លោកបានបន្តថា ជនបង្ករូបនេះ បានបើកយានជំនិះរបស់ខ្លួន មកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាម មកលើសមត្ថកិច្ចថែមទៀតផង។ ពេលនេះសមត្ថកិច្ច កំពុងតែនាំខ្លួនមកអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងឈានទៅកសាងសំណុំឯកសារបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង