ក្រសួងសុខាភិបាល ណែនាំអំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ..

រាជធានីភ្នំពេញ​៖ ក្រសួងសុខាភិបាល​ បានចេញសេចក្ដីណែនាំមួយ ដើម្បីជម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ អំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះរៀងៗខ្លួន។

ចំពោះបញ្ហានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកកើតជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញាសង្ស័យដូចជា៖ គ្មានក្អក, កម្ដៅក្រោម ៣៧.៥អង្សារ, គ្មានហៀរសំបោរ, គ្មានឈឺបំពង់ក និង សភាពទូទៅធម្មតា គឺពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។

ដោយឡែក ចំពោះករណីមានរោគសញ្ញាស្រាល​ដូចជា៖ មានកម្ដៅលើស ៣៧.៥អង្សារ, មានឈឺសាច់ដុំ, មានឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០​គីឡូក្រាមឡើង គឺត្រូវប្រើថ្នាំ​ប៉ារ៉ាសេតាម៉ុល(Paracetamol) ៥០០មីល្លីក្រាម ដោយក្នុងមួយថ្ងៃ ចំនួន ០៣ដង, ចំពោះកុមារ មានទម្ងន់ចន្លោះពី ២០-២៩ គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម ក្នុងមួយថ្ងៃ ០៣​ដង ជាកំហិត។

ចំណែក ក្នុងករណីអ្នកកើតជំងឺកូវីដ-១៩ មានរោគសញ្ញាបន្ថែមដូចជា៖ តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស) សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ០៦ឆ្នាំឡើងទៅ គឺត្រូវប្រើ ប្រូម៉ិចស៉ីន(Bromhexine) ០៨មីល្លីក្រាម ដោយក្នុងមួយថ្ងៃ ០៣ដង ឬប្រើ សេទីរីហ្ស៉ីន(Cetirizine) ១០មីល្លីក្រាម ដោយក្នុងមួយថ្ងៃ ប្រើតែម្ដងប៉ុណ្ណោះ។

ជាងនេះទៀត ត្រូវអនុវត្តវិធានសុខាភិបាល ក្នុងរយៈពេលព្យាបាល នៅតាមផ្ទះ មានដូចជា៖ ត្រូវស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញចូលល្អ។ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាត យ៉ាងតិច ០២ម៉ែត្រ។ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឲ្យបានច្រើន។ តាមដានសុខភាពខ្លួន ឲ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ។ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។ ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ និងវេចខ្ចប់សំរាមចោលឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

បន្ថែមលើនេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តយកចិត្តទុកដាក់ថែក្សាសម្អាតអនាម័យជាប្រចាំ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល និងជេលជាដើម។ ហើយប្រសិនបើ​​ មានកិច្ចការចាំបាច់ ត្រូវចេញពីផ្ទះ ទៅកាន់ទីសាធារណៈ គឺត្រូវពាក់ម៉ាស់ និងរក្សាគម្លាត់សុវត្ថិភាព ​គ្រប់ពេលវេលា។ ជារួមគឺ ត្រូវអនុវត្តតាម​ការណែនាំ របស់ក្រសួងសុខា ភិបាល ឲ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្ត នូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន៕

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង