​​តើពេលត្រូវថ្នាំសម្រើប ឬថ្នាំសណ្ដំ គួរធ្វើបែបណា..?

រាជធានីភ្នំពេញ៖ មិន​ថា​ក្នុង​ខ្សែ​ភាពយន្ត ឬ​មាន​ព័ត៌មាន​ ដែល​ចុះ​ផ្សាយ​ឡើយ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ករណី​​មនុស្ស​ស្រី​មួយ​ចំនួន​ ត្រូវ​គេ​បន្លំ​យក​ទ្រព្យ​របស់ និង​រំលោភ​បំពាន​ ដោយ​ប្រើ​ល្បិច​កល ដាក់​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប..។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ណែនាំ​ស្រី​ៗ​ ពី​វិធី​ជួយ​ខ្លួន​ឯង​មួយ​ចំនួន ដែល​អាច​ការពារ​ខ្លួន​ឯងបាន​ខ្លះ​ៗ។

ថ្នាំ​ខាងលើ​នេះ ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយភាគច្រើន​ មាន​ជា​ប្រភេទដូច​ស្ករ​កៅស៊ូ , ក្លិន​ដូច​ទឹក​អប់ សម្រាប់​ឲ្យ​ហិត និង​ជា​ថ្នាំ​ សម្រាប់ដាក់​ក្នុង​ទឹកឲ្យផឹកជាដើម។

១- រោគសញ្ញា៖

នៅ​ពេល​អ្នក​ត្រូវថ្នាំ​​សណ្ដំ ឬ​ថ្នាំ​សម្រើបទាំងនោះ គឺអាច​មាន​អាការៈ​ ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ហើយ​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ យើង​អាច​នឹង​សន្លប់​ឈឹង​លែងខ្លួនតែ​ម្ដង។

២- វិធី​ជួយ​សង្គ្រោះ​ខ្លួនឯង៖

ប្រសិនបើ​យើង​​ជួបអាការៈ​អស់​ទាំងនោះ ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នក​ ដែល​គួរឲ្យ​ទុកចិត្ត​ មានដូចជា៖​ មិត្តភ័ក្ដិ សមត្ថកិច្ច ឬ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក រួច​ខ្ទាស់​ទ្វារ​ឲ្យ​ជាប់ ហើយ​ព្យាយាម​យក​ទឹក​មក​បាចសាច​ពេញមុខ ក្បាល ខ្លួន ឬ​ផឹកទឹក​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ជាតិ​ទឹក​អាច​បន្សាប​ជាតិ​ថ្នាំ​បាន​ខ្លះ ទោះ​មិន​ទាំង​ស្រុង ក៏​មិន​ធ្វើឲ្យ​យើង​បាត់បង់​ស្មារតី​ដែរ។ ជាពិសេស​ពេល​ដឹង​ខ្លួន​ថា​ ត្រូវ​ថ្នាំ​មាន​អារម្មណ៍​ប្លែក​ៗ គួរ​រក​ទឹក​ក្រូចឆ្មារ ឬ​រកអ្វី​ជូរ​ៗ​មក​ញ៉ាំ។

៣- រឿង​គួរ​ចៀសវាង៖

បើ​នៅ​ក្នុង​ក្លឹប យើង​មិន​គួរ​ទទួល​អ្វី​ញ៉ាំ​ពី​អ្នក​ដទៃ​ទេ មិនថា​អាហារ ឬភេសជ្ជៈ ហើយ​ក៏​មិន​គួរ​ផឹក​ភេសជ្ជៈ​ ដែលនៅ​សេសសល់​ជាប់​កែវ​ឡើយ ព្រោះ​ជន​ឆ្លៀត​ឱកាស​ អាច​បន្លំ​ដាក់​ថ្នាំ​បាន។ មួយ​វិញ​ទៀត​ បើ​មាន​នរណា​ឲ្យ​យើង​ហិត​អ្វីមួយ សូមកុំ​ហិតឲ្យ​សោះ ព្រោះជាតិ​ថ្នាំ​ អាច​ជ្រាប​ចូល​តាម​ផ្លូវ​ដង្ហើម​បាន ហើយ​ករណី​ពិសេស​មួយ​ទៀត​ សូមកុំ​ផឹក ឬ​ញ៉ាំ​អាហារ​ម្ដង​ទាំងអស់ ពោលគឺ ត្រូវញ៉ាំបន្តិច​ម្ដង​ៗ ប្រសិនបើ​ញ៉ាំ មួយ​សន្ទុះ​ហើយ​ គ្មាន​ភាព​ខុសប្លែក​អ្វី​ក្នុង​ខ្លួន ចាំ​ហូប ឬញ៉ាំបន្ត​ទៀត៕

ប្រភព: https://web.facebook.com/doctorspharmacistsdentistsnursesandmidwivesarecute/posts/299510941634409

អត្ថបទដែលជាប់ទាក់ទង