រដ្ឋបាលក្រុងខេមរភូមិន្ទ ចុះបិទទីតាំងម៉ាស្សាមួយកន្លែង រកឃើញស្ត្រីជនជាតិវៀតណាម៤នាក់ គ្មានលិខិតឆ្លងដែន..

ខេត្តកោះកុង៖ ថ្នាក់ដឹកនាំរដ្ឋបាលអភិបាលក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចុះបិទអាជីវកម្មម៉ាស្សាជនជាតិវៀតណាមមួយកន្លែង ដែលលួចបើកសេវាកម្ម របស់ខ្លួន ផ្គើននឹងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាតខ្លាំងនៅទូទាំងប្រទេស។

សកម្មភាពនេះដឹកនាំដោយ លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ ដោយបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយមន្រ្តីជំនាញមន្ទីរទេចរណ៍ បានចុះធ្វើកំណត់ហេតុបិទទីតាំងម៉ាស្សាមួយកន្លែង មានទីតាំងនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានយីហោឈ្មោះ «ម៉ាស្សា ៣៧៩» ដែលមានម្ចាស់ឈ្មោះ ង្វៀង គឹមសៀង ភេទស្រី ជនជាតិ វៀតណាម និង ឈ្មោះ ប្រាក់ ប៊ុនថន ហៅ ចក់ ជនជាតិខ្មែរ «អតីតអធិការរងនគរបាលក្រុងខេមរភូមិន្ទ បានចូលនិវត្តន៍»។

លោកអភិបាលក្រុងខេមរភូមិន្ទ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
អំពីមូលហេតុ នៃការបិទហាងម៉ាស្សាខាងលើ គឺដោយសារតែម្ចាស់ហាងម៉ាស្សានេះ មិនបានអនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ដែលតម្រូវឲ្យគ្រប់អាជីវកម្ម ខារ៉ាអូខេ ម៉ាស្សា និងរមណីយ៍ដ្ឋាននានា ត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ស្របតាមសេចក្កីសម្រេច របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ។

ជាងនេះទៀត ដោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានផ្តល់ព័ត៌មានមករដ្ឋបាលក្រុងខេមរភូមិន្ទផង គួបផ្សំកម្លាំងសម្ថកិច្ច បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងបើកសេវាម៉ាស្សានេះ ឆែកឃើញបុគ្គលិកស្ត្រីជនជាតិវៀតណាម ចំនួន០៤នាក់ គ្មានលិខិតឆ្លងដែនផងនោះ ទើបឈានដល់រដ្ឋបាលក្រុង សម្រេចបិទហាងម៉ាស្សានេះទាំងស្រុងតែម្តង។

ស្ត្រីបុគ្គលិកម៉ាស្សាជនជាតិវៀតណាម ចំនួន០៤នាក់ ដែលគ្មានលិខិតឆ្លងដែននោះ រួមមាន៖

១- ឈ្មោះ MAI BICHVAN ភេទស្រី អាយុ ៣០ឆ្នាំ (កាន់លិខិតឆ្លងដែន ផុតសុពលភាពទិដ្ឋាការ)

២- ឈ្មោះ NGUYEN THLIYNHI ភេទស្រី អាយុ ៣០ឆ្នាំ (គ្មានលិខតិឆ្លងដែន)

៣- ឈ្មោះ NGLIYEN HONG ភេទស្រី អាយុ ៣១ឆ្នាំ (គ្មានលិខិតឆ្លងដែន)

៤- ឈ្មោះ NGLIYEN KIMNHO ភេទស្រី អាយុ ១៦ឆ្នាំ (គ្មានលិខិតឆ្លងដែន)។

ចំណែក ម្ចាស់ហាងម៉ាស្សាខាងលើនេះ បានទទួលស្គាល់កំហុស និងយល់ព្រមបិទហាងម៉ាស្សា របស់ខ្លួន ដោយគ្មានការតវ៉ាអ្វីឡើយ។

លោកអភិបាលក្រុងខេមរភូមិន្ទ បន្តថា ចំពោះបុគ្គលិកជនជាតិវៀតណាម ទាំង០៤នាក់ ដែលគ្មានលិខិតឆ្លងដែន និងរាយការណ៍ទៅការិល័យស៊ើបអង្កេត ដើម្បីឈានទៅអនុវត្តតាមនីតិវិធីជាបន្តទៀត នៅពេលក្រោយ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង