ពលរដ្ឋឃុំតាតៃ សំណូមឲ្យអភិបាលខេត្តកោះកុង ​បង្ក្រាបបទល្មើសជីកកាយដីភ្នំ និងដឹកដីចាក់លុបមាត់ព្រែកតាតៃ​ ឲ្យមានប្រសិទ្ធភាព

ខេត្តកោះកុង៖ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិអន្លង់វ៉ាក់ បានឲ្យដឹងថា រាល់ថ្ងៃនេះ ឃើញមានសកម្មភាពជីកកាយយកអាចម៍ដីជើងភ្នំ និង​ឈូសឆាយដីចំណីមាត់ព្រែកជាច្រើនកន្លែងនៅចំណុចតំបន់រមណីយដ្ឋាន​អេកូទេសចរណ៍ស្ទឹងតាតៃ ដែលជាដីសាធារណៈរបស់រដ្ឋ បានបន្តកើតឡើងយ៉ាងអនាធិបតេយ្យ មានទីតាំងនៅ​ឃុំតាតៃ ស្រុកកោះកុង ​ពីសំណាក់ឈ្មួញ ​ឃុបឃិតជាមួយ​បុគ្គល ដែលជាមន្ត្រីកំពុង​បំរើការងារនៅក្នុងស្ថាប័ន​ខ្លះ ក្នុងខេត្តកោះកុង ដោយគ្មានមន្ត្រីជំនាញពីមន្ទីរអង្គភាព​ពាក់ព័ន្ធណាមួយ ​ចេញមុខចុះហាមឃាត់ឲ្យមានប្រសិទ្ធភាពនៅឡើយទេ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅឃុំតាតៃ ស្រុកកោះកុង បានសំណូមពរដល់ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីស្អាតស្អំឲ្យចុះស៊ើបអង្កេត ស្រាវ​​ជ្រាវ និងឈានទៅនាំខ្លួនជនល្មើស ឬអ្នកជាប់ពាក់ព័ន្ធ បទល្មើសទន្ទ្រានដីចំណីព្រែក និងដីភ្នំធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅមូលដ្ឋានខាងលើនេះ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព ត្បិតរាល់ថ្ងៃនេះ បទល្មើសទន្ទ្រានរំលោភយកដីចំណីព្រែក និងដីភ្នំ ដែលជាទ្រព្យសម្បតិ្តសាធារណៈ របស់រដ្ឋ កំពុងបន្តកើតមានជាច្រើនកន្លែង ​ស្របពេលទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ជាពិសេសសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងមមាញឹកលើកិច្ចការងារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាតត្បាតឆ្លងចូលសហគមន៍កាន់តែធ្ងរនៅកម្ពុជា ប៉ុន្តែបែរជាមានមន្ត្រីខិលខូច ឃុបឃិតជាមួយឈ្មួយមួយចំនួន បានលួចទន្ទ្រានដីរដ្ឋយ៉ាងអនាធិបតេយ្យ​បែបនេះទៅវិញ?។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងទៀតថា ចំពោះសកម្មភាពជីកកាយដីជើងភ្នំ និងចាក់អាចម៍ដីរំលោភចូលមាត់ព្រែកមួយចំនួន ស្ថិតក្នុងភូមិអន្លង់វ៉ាក់ បានកើតឡើងជាង ០១ខែកន្លងមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននេះ ហាក់​មិនបានរវល់អើពើទប់ស្កាត់ ហើយក៏ទំនងជាមិនដែលបាន​ធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុងបានដឹងផងក៏មិនដឹង ទើបគ្មានវិធានការទប់ស្កាត់បទល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព។ ហើយបទល្មើសជីកកកាយ​ដីបំផ្លាញបរិស្ថានជើងភ្នំ ដើម្បីដឹកយកអាចម៍ដីចាក់លុបរំលោភយកដីចំណីមាត់ព្រែក បានបន្តកើតមានជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។

ត្រង់ចំណុចនេះ ទាំងប្រជាពលរដ្ឋ និងអាជីកររស់នៅតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃ ក៏បានឲ្យដឹង​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០​ថា បទល្មើសឈ្មួញ​ជីកកកាយយកអាចម៍​ដី​ជើងភ្នំ ដឹក​ចាក់រំលោភយកដីចំណីមាត់ព្រែក ក្នុងមូលដ្ឋានភូមិអន្លង់វ៉ាក់​នេះ គឺទំនងជាអាចមានការបើកដៃ​ ពីសំណាក់បុគ្គល ដែលជាមន្ត្រី ឬអាជ្ញាធរស្ថិតក្នុងស្ថាប័នមួយចំនួន​ ​ទើបឈ្មួញខិលខូចទាំងនោះ ហ៊ាននាំយកគ្រឿងចក្រមកជីកកាយ​យកអាចម៍ដីបំផ្លាញបរិស្ថានជើងភ្នំ និងដឹកចាក់លុបរំលោភយកដីចំណីមាត់ព្រែក ជាប់តំបន់អេកូទេសចរណ៍តាតៃ បានដោយរលូនបែបនេះ។

តំណាងប្រជាពលរដ្ឋ អះអាងទៀតថា ក្រុមម្ចាស់ដី ដែលនាំយកគ្រឿងចក្រ និងកម្មករមកឈូសឆាយដីចំណីព្រែក នៅភូមអន្លងវ៉ាក់ ស្ថិតក្នុងឃុំតាតៃខាងលើនេះ គឺភាគច្រើនជាមន្ត្រី និងជាអ្នកមានទ្រព្យ មានលំនៅដ្ឋានរស់នៅក្នុង​ក្រុងខេមរភូមិន្ទ ​ខេត្តកោះកុង និងមួយចំនួនទៀត រស់នៅរាជធានីភ្នំពេញ ខណៈទីតាំងដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ ដែលប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំតាតៃ កំពុងរស់អាស្រ័យផល រកប្រាក់ចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ​។

ក្រុមប្រជា​ពលរដ្ឋ​ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា មូលដ្ឋានដែលមានសកម្មភាពជីកកកាយដីចាក់លុបចំណីមាត់ព្រែក នៅភូមិអន្លង់វ៉ាកនេះ គឺពួកគាត់បាន​រស់នៅ និងប្រកបរបរចិញ្ចឹងជីវិតបន្តតាំងពីដូន​តា​ មកម៉្លេះ គឺពុំដែលមានបុគ្គលណាម្នាក់មកបំពាននោះទេ។​

ទាក់ទិន​បញ្ហានេះ លោក ជា សូវី អភិបាលស្រុកកោះកុង មានប្រសាសន៍ថា ចំពោះសកម្មភាពដាក់គ្រឿងចក្រជីកយកអាចដីជើងភ្នំ ដឹកចាក់រំលោភយកដីចំណីមាត់ព្រែក នៅភូមិអន្លង់វ៉ាក់នេះ គឺធ្វើឡើងដោយខុសច្បាប់ ដោយបុគ្គល ឬឈ្មួញទាំងនោះ ធ្វើសកម្មភាពដោយ​គ្មានលិខិត​អនុញ្ញាតណាមួយចេញពីអាជ្ញាធរស្រុក​នោះទេ។ ហើយថា ករណីនេះ រូបលោក ក៏ធ្លាប់បានចាត់ឱ្យអភិបាល​រ​ង​ស្រុក​កោះកុងម្នាក់ និងមន្រ្តីការិយាល័យជំនាញ ឲ្យ​ចុះពិនិត្យវាស់វែងពីផ្ទៃដីរងប៉ះពាល់ ដើម្បីកោះហៅអ្នកពាក់ព័ន្ធ មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព​រួចហើយដែរ។ ប៉ុន្តែលោកថា ដីតំបន់នោះមិនស្ថិត​នៅក្នុងតំបន់ការពារអភិរក្សអ្វីនោះទេ។

ទោះបែបនេះក្តី ​លោកអភិបាលរូបនេះ នៅមិនទាន់បញ្ជាក់អំពីទំហំផ្ទៃដី ដែលត្រូវឈ្មួញខិលខូចទាំងនោះជីកកកាយដីជើងភ្នំ និងដឹកយកអាចម៍ដីចាក់រំលោភចូលដីចំណីព្រែក នៅភូមិអន្លង់វ៉ាក់នេះនៅឡើយទេ ខណៈ​ក្រុមមន្ត្រី នៃរដ្ឋបាលស្រុកកោះកុង បានចុះ​ធ្វើការងារខាងលើនេះជាង ០១ខែ កន្លងមកហើយ នៅឡើយមិនទាន់មានរបាយការណ៍ច្បាស់លាស់ទៀត។

ព្រមជាមួយគ្នានេះ លោក ជា សូវី អភិបាលស្រុកកោះកុង ក៏បានបង្ហាញឈ្មោះ ឈ្មួញដី ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសលួច​ជីកកកាយដីជើងភ្នំ និងដឹក​កអាចម៍ចាក់រំលោភយកដីចំណីព្រែក នៅចំណុចម្តុំតំបន់អេកូទេសចរណ៍តាតៃទាំងនោះមានដូចជា៖ ឈ្មោះ ​គិន ប៊ូកាន ប្រធានការិយាល័យ​ នៅមន្ទីរទេសចរណ៍ ​ខេត្តកោះកុង- ឈ្មោះ រមនី្ន ​មន្រ្តីធ្វើការងារនៅមន្ទីរអប់រំខេត្តកោះកុង ជាអ្នកលក់ដីឱ្យ លោកស្រី ប៊ុន មួយ ម្ចាស់លក់គ្រឿងសំណង់នៅខេត្តកោះ​កុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រស់នៅរាជធានីភ្នំពេញ​។

ឆ្លើយតបញ្ហានេះ លោកស្រី ប៊ុន មួយ ម្ចាស់លក់គ្រឿងសំណង់នៅខេត្តកោះកុង បានបដិសេធន៍ថា ខ្លួនពុំបានចាក់ដីរំលោភចូលមាត់ព្រែកនោះទេ ដោយគ្រាន់តែប្រើគ្រឿងចក្រ​ទៅ​​ត្រួសត្រាយដី ឱ្យស្មើ ដើម្បីដាំដំណាំផ្សេងៗតែប៉ុណ្នោះ។ ហើយថា ពេលនេះ លោកស្រី ក៏បានធ្វើសំណើដាក់ជូនទៅ​អាជ្ញាធររដ្ឋបាលស្រុកកោះកុង ជាងខែ​០១រួចហើយ​ បន្ទាប់ពីអាជ្ញាធរ បានចុះការផ្អាកសកម្មភាព​ឈូស​ឆាយដី របស់ខ្លួន ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។



លោកស្រី ប៊ុន មួយ បន្តទៀតថា មូលហេតុដែលលោកស្រី ហ៊ាន ធ្វើសកម្មភាពឈូសឆាយដីនៅចំណុចមាត់ព្រែកខាងលើ ក៏ព្រោះតែលោកស្រី បានទិញដីនោះពី ឈ្មោះ រមន្នី ប៉ុន្តែមិនដឹងទំហំប៉ុន្មាន​ម៉ែត្រការ៉េនោះទេ ដោយគ្រាន់តែដឹងថា ខាងលើទល់មាត់ព្រែក ខាងត្បូងទល់ជើងភ្នំ ព្រោះពេល​ លោកស្រី បានទិញដីនោះ គឺ​មិនបានមើលឯកសារឲ្យបាន​គ្រប់ជ្រុងជ្រោយទេ។

ចំណែក លោក គិន ប៊ូកាន ប្រធានការិយាល័យម្នាក់ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលជាបុគ្គលម្នាក់ បានឈួសឆាយដី និងសង់ផ្ទះ លើដីចំណីមាត់ព្រែក ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ បានអះ​អាងថា សកម្មភាពទិញលក់ដី​របស់គាត់ គឺ​មានការទទួលស្គាល់ពីមេឃុំតាតៃ​​ត្រឹមត្រូវ។ ហើយចំពោះការសាងសង់ផ្ទះវិញ គឺក៏រូបលោក​មិនខុសដែរ ព្រោះមិនបានសង់សំណង់រឹងមាំនោះឡើយ​។

យ៉ាងណាក៏ដោយចុះ ចំំពោះការអះអាង របស់លោក គិន ប៊ូកាន​ គឺបានដោះសារ​ផ្ទុយគ្នាស្រឡះ ពីការលើកឡើង របស់ លោក ជា សូវី អភិបាលស្រុកកោះកុង ដែលថា រាល់ការឈូសឆាយដី ជីកកកាយ​ដីជើងភ្នំ និងការសង់សំណង់ផ្សេងៗ នៅចំណុចខាងលើ​នេះ គឺមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុកទេ ដោយឈ្មួញ ឬបុគ្គលទាំងនោះ បានធ្វើសកម្មភាពទាំងបំពានច្បាប់។

​បញ្ហានេះដែរ លោក ធិន សម្បត្តិ មេឃុំតាតៃ បានឲ្យដឹងដែរថា ដីតំបន់ខាងលើនេះ គឺស្ថិតក្នុងតំបន់អនុគ្រោះ តាំងពីអាណិត្តមេឃុំមុនៗមកម្ល៉េះ ប៉ុន្តែចំពោះសកម្មភាពឈូស​ឆាយ​ដីសម្រាប់ប្រើប្រាស់ផ្ទាល់​ខ្លួន ឬយ៉ាងណានោះ គឺរូបលោក មិនបានទទួល​លិខិត ឬពាក្យស្នើសុំ​ណាមួយពីបុគ្គល ឬម្ចាស់ទីតាំងទាំងនោះ ដាក់ស្នើសុំមក​រូបលោក ឲ្យបានដឹង​ឮ​ទេកន្លងមក។ ដោយឡែក ចំពោះ​រាល់ការ​ទិញ​លក់ដី ពីម្ចាស់ម្នាក់ ទៅម្ចាស់ម្នាក់ទៀត គឺអាជ្ញាធរឃុំ ពិតជាមានការចុះហត្ថលេខា ទទួលស្គាល់ពិតប្រាកដមែន។

លោកមេឃុំតាតៃ បញ្ជាក់បន្ថែមថា​ ចំពោះ​ករណីឈ្មួញ ឬបុគ្គលមួយចំនួន ដែលបានដឹកអាចម៍ដីមកចាក់រំលោភចូលចំណីព្រែក ឬជីកកាយដីជើងភ្នំ ​ដោយខុសច្បាប់នៅមូលដ្ឋាននេះវិញ ​រូបលោក ក៏កំពុងរង់ចាំលទ្ធផល នៃការចុះវាស់វែង របស់ក្រុមការងាររដ្ឋបាលស្រុកកោះកុងដូចគ្នាផងដែរ ដោយមិនដឹងថា រងប៉ះពាល់មានទំហំផ្ទៃដីចំនួនប៉ុន្មានម៉ែត្រការ៉េ ចូលមាត់ព្រែក និងមានទំហំផ្ទៃដីចំនួនប៉ុន្មានម៉ែត្រការ៉េ​ចូលដីជើងភ្នំ​ទាំងនោះនៅឡើយដែរ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង