​រដ្ឋបាលខេត្តព្រះសីហនុ ព្រមានអនុវត្តច្បាប់ចំពោះអាជីវករផ្សារលើ និង​គ្រួសារ ​ដែលមិនគោរព​បទបញ្ជា​​ធ្វើចត្តាឡីស័ក​

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបងប្អូនជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ ធដើម្បីវិភាគរកមេរោគកូវីដ-១៩។ ក្នុងនោះ តាមលទ្ធផលវិភាគ ជាបន្តបន្ទាប់បានបញ្ជាក់ថា មានការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងគំហុកនៅក្នុងចំណោមបងប្អូនជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឱ្យបងប្អូនអាជីវករ និងក្រុមគ្រួសារ ដែលបានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃ តាមការណែនាំរហូតដល់មានលទ្ធផលពីមន្ទីរសុខាភិបាលខេត្ត មកបញ្ជាក់ថា អវិជ្ជមានមេរោគកូវីដ-១៩ ជាលើកទី២ ទើបអនុញ្ញាតឱ្យចេញក្រៅលំនៅឋានបាន។

ទាក់ទិន​បញ្ហានេះ ក៏មានអាជីវករ និងក្រុមគ្រួសារមួយចំនួន មិនបានអនុវត្តតាមការណែនាំនៅឡើយ ដោយបន្តចេញទៅខាងក្រៅលំនៅឋានរហេតរហូត នាំឱ្យការទប់ស្កាត់ការរាលដាល នៃជំងឺ​កូវីដ-១៩ មានការលំបាកកាន់តែខ្លាំង ដែលស្ថានភាពនេះ តម្រូវឱ្យរដ្ឋបាលខេត្តបន្តវិធានការ បិទការលក់ដូរនៅផ្សារលើបន្ថែមទៀត និងអាចឈានដល់ការបិទខ្ទប់ក្រុងព្រះសីហនុទាំងមូល។

អាស្រ័យដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់បងប្អូនអាជីវករទាំងអស់ និងក្រុមគ្រួសារ ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ក្នុងករណីរកឃើញថា មានបុគ្គលណានៅតែមិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការតាមច្បាប់ជាធរមាន។

បន្ថែមលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មាន ឬរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៨២ ០៧២ និង ០១២ ៩១៩ ៩១៨ ប្រសិនបើឃើញមានបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ នៅតែបន្តចេញដើរទៅខាងក្រៅលំនៅឋាន ដោយ
មិនគោរពតាមបទបញ្ជា នៃការធ្វើចត្តាឡីស័កទៀតនោះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង