រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទអាជីវកម្មលក់ដូរ​ក្នុងផ្សារពាណិជ្ជកម្ម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី​២២មេសាតទៅ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើអាជីវកម្មលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការផ្អាកជាបណ្តោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងផ្សារពាណិជ្ជកម្ម របស់រដ្ឋបាលខេត្តព្រះសីហនុពេលនេះ គឺមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ទាក់ទងនឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់អាជីវករលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្ម ទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខា​ភិបាល។ ហើយថា ​ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ នឹងចុះយកវត្ថុសំណាកពីអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅវិភាគរកមេរោគកូវីដ-១៩ ឲ្យបានទាំងអស់គ្នា។  ដូចបានជូនដំណឹងនេះ សូមបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ ត្រូវទៅចុះឈ្មោះជាមួយក្រុមការងារ ដែលកំពុងដំណើរការស្រង់បញ្ជីឈ្មោះ នៅទីតាំងផ្សារពាណិជ្ជកម្មផ្ទាល់តែម្តង។ ហើយថា ក្នុងករណីបងប្អូនអាជីវករ ឬអ្នកពាក់ព័ន្ធណាខកខានមិនទាន់បានចុះឈ្មោះ និងផ្តល់វត្ថុសំណាកនៅផ្សារពាណិជ្ជកម្ម សូមប្រញាប់​ទៅផ្តល់វត្ថុសំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ ​រួមទាំងថ្ងៃឈប់សម្រាកផងដែរ​។

អាស្រ័យដូចនេះ សូមអាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវតែធ្វើចត្តាឡីស័ កនៅផ្ទះរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល នៅក្រោយពេលផ្តល់វត្ថុសំណាករួច និងរង់ចាំរហូតដល់ទទួលបានលទ្ធផលបញ្ជាក់អវិជ្ជមានលើកទី២ ពីមន្ទីសុខាភិបាលខេត្តព្រះសីហនុ ទើបអាចបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអាចបន្តការលក់ដូរបាន។

ចំពោះករណីនេះ បុគ្គលណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃសេចក្តីសម្រេចនេះ ត្រូវទទួលទោសដូចមានកំណត់ ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង