​សមត្ថកិច្ចខេត្តស្វាយរៀង កំពុងចាត់វិធានការ​ផ្លូវច្បាប់ ចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ដែលរត់ពន្ធជនជាតិចិន ២៨នាក់ ពីភ្នំពេញទៅស្វាយរៀង

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ដ្រីយោធាពាក់ផ្កាយពីរម្នាក់ឈ្មោះ ស៊ុ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ឲ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ ព្រោះប្រឆាំងនឹងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបទបញ្ជាបិទខ្ទប់ការធ្វើចរាចរណ៍ឆ្លងកាត់ខេត្ត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ចំណាត់ការខាងលើនេះ បានកើតឡើងក្រោយពេល មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានពាក់ព័ន្ធការរត់ពន្ធជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្វាយរៀង ល្មើសនឹងបទបញ្ជាក្តៅ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការបើកឲ្យមានចំណាត់ការផ្លូវច្បាប់ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ទៅលើលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ពេលនេះ ជាការអនុវត្តតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធា ដែលបានប្រព្រឹត្តិបទល្មើស ក្នុងដំណាក់កាលបិទខ្ទប់ការឆ្លងកាត់ នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ ឲ្យទទួលជោគជ័យ។

លោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្វាយរៀង ដែលទំនងជាជនជាតិចិនទាំងនោះ ចេញទៅក្រៅប្រទេស។

យោងតាមសារសំឡេង របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ មានខ្លឹមសារថា រូបលោក បានឲ្យមន្ត្រីស្ថាប័នជំនាញ ឬសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ អនុវត្តតាមវិធានការច្បាប់ ទៅលើរូបលោក ស៊ុំ ពៅ ដោយមិនការពារនោះឡើយ  ព្រោះប្រឆាំងនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះរូបលោក បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី ចំពោះបុគ្គលរូបនេះ តាមនីតិវិធីចុះ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានព្រមាននៅក្នុងសារៗថា ចំពោះបុគ្គល ស៊ុំ ពៅ នេះ ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ហើយរូបលោក មិនយោគយល់ ឬការពារទៀតទេ ព្រោះបុគ្គលរូបនេះ មិនគោរពបទបញ្ជា និងអនុវត្តល្មើសច្បាប់ថែមទៀតផង។ ដូច្នេះ ត្រូវធ្វើទៅតាមផ្លូវច្បាប់ ព្រោះគ្មាននរណាមួយ​ហ៊ាន​ទៅពាំង អ្នកបំពាន បទបញ្ជា របស់សម្តេច ហ៊ុន សែន នោះទេ។

យោងតាមឯកសារបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ចេញដោយ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាត ឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ទើបផុតកំណត់។

ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាបានធ្វើសកម្មភាពលួចរត់ពន្ធជនជាតិចិនចំនួន ២៨នាក់ ចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្វាយរៀង ទំនងជាជនជាតិចិនទាំងនោះ មានបំណងធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបាន កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាប និងចាប់ខ្លួន នៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យការឆ្លងកាត់ព្រំប្រទល់ខេត្តជាក់ស្តែងតែម្តង។

រហូតមកដល់រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ស៊ុំ ពៅ និងអ្នកពាក់ព័ន្ធ ព្រមទាំងជនជាតិចិនទាំង ២៨នាក់ កំពុងស្ថិតក្រោម ការសួរនាំ ពីមន្ត្រីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីឈានទៅបន្តនីតិវិធីតាមផ្លូវច្បាប់​។

ស្រដៀងគ្នានេះដែរ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន ០៧នាក់ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាមបានមួយករណីដែរ ក្នុងនោះជនជាតិខ្មែរ ចំនួន ០៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់​។

ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ ខេត្តកំពត ក៏​បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ​ 2AH-0465 នៅក្នុងមូលដ្ឋានភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក បានដឹកបុរសជនជាតិចិនចំនួន​ ១១​នាក់ ចេញពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះមក​ខេត្ត​កំពត​ ដោយឆ្លងកាត់ភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍​ ​ល្មើស​​នឹងបម្រាម​របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ជនជាតិចិនទាំង ១១នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត​កំពត​ ដើម្បីសួរនាំ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង