សមត្ថកិច្ចស្រុកគិរីសាគរខេត្តកោះកុង ឃាត់ទូកនេសាទសមុទ្រ២​គ្រឿង និង​មនុស្ស១៤នាក់​មិនឲ្យចូលចត ព្រោះបារម្ភមានផ្ទុកមេរោគកូវីដ-១៩

ខេត្តកោះកុង៖ រដ្ឋបាលស្រុកគិរីសាគរ ខេត្តកោះកុង នៅ​ថ្ងៃព្រហស្បត្តិ៍ ទី​២២ ខែមេសា ឆ្នាំ​២០២១នេះ បានឃាត់ទូកនេសាទចំនួន ០២គ្រឿង និង​អ្នកនេសាទចំនួន​ ១៤នាក់​ ក្រោយបានស៊ើបអង្កេត​ដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានដឹកផលនេសាទ ចេញទៅលក់​នៅកំពង់ផែប្រទេសថៃ ជាញឹកញាប់ ដែលបារម្ភដល់ការចម្លងមេរោគកូវីដ-១៩ ចូលមកក្នុងមូលដ្ឋានស្រុកគិរីសាគរ ខេត្តកោះកុង។

​លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុកគិរីសាគរ​ ​បានឲ្យដឹងថា មុនឈានទៅឃាត់ទូកនេសាទទាំង ០២គ្រឿង និងមនុស្សទាំង​១៤នាក់ ខាងលើនេះ មិនឲ្យចូលចតនៅផែស្រុកគិរីសាគរ បន្ទាប់ពីសមត្ថកិច្ចជំនាញ បាន​​តាមដានដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានធ្វើដំណើរចេញ-ចូល​​តាមសមុទ្រ ​ដើម្បីនាំផលនេសាទ របស់ពួកគេ ទៅលក់នៅ​ប្រទេសថៃ ជាបន្តបន្ទាប់នាពេលកន្លងមក។ ហើយថា ករណីនេះ រដ្ឋបាលស្រុកគិរីសាគរ ក៏សម្រេចឃាត់ទូកនេសាទទាំង ០២គ្រឿង និងមនុស្សចំនួន ១៤នាក់ ដោយមិនអនុញ្ញាត្តឲ្យចូលចត​ ហើយហាមមនុស្សទាំង១៤នាក់ មិនឲ្យ​ឡើងលើដីគោកទេ។

លោក ចេង មុនីរិទ្ធ អភិបាល​​ បន្តថា ​ទូកនេសាទ​ដែល​សង្ស័យធ្វើដំណើរចេញ-ចូល លក់ផលនេសាទ នៅប្រទេសថៃ តាមលម្ហសមុទ្រខាងលើនេះ​ គឺជាទូកនេសាទ របស់ប្រពលរដ្ឋ រស់នៅឃុំកោះស្តេច​។ ​ ហើយថា ករណីនេះ ក្រុមការងារនៃរដ្ឋបាលស្រុកគិរីសាគរ ក៏បានហាមឃាត់ទូកទាំង ០២គ្រឿង រួមជាមនុស្សទាំង ១៤​នាក់ ឲ្យឈប់ចតនៅលើលម្ហសមុទ្រមុខកោះស្តេច ដោយមិនអនុញ្ញាតឲ្យអ្នកនេសាទទាំង ១៤នាក់នោះ ឡើងមកលើដីគោក ឬមកលើកោះស្តេចទេ។ ជាងនេះទៀត ក៏មិនឲ្យទូកនេសាទទាំង ០២គ្រឿងនេះ ធ្វើដំណើរចាកចេញពីទីកន្លែង ដែលអាជ្ញាធរឲ្យឈប់សំចតមុខកោះស្តេចនោះជាដាច់ខាត ដោយត្រូវរង់ចាំក្រុមការងារ​ នៃមន្ត្រីសុខាភិបាលខេត្តកោះកុង ចុះមកយកវត្ថុសំណាក ដើម្បី​យក​ទៅវិភាគរកមេរោគកូវីដ-១៩ ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​ជាមុនសិន​៕​ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង