កម្លាំងចម្រុះ​ខេត្តកែប ​ឃាត់ខ្លួនជនជាតិវៀតណាម​៧នាក់ ធ្វើដំណើរ​ពីខេត្តព្រះសីហនុ និងជនជាតិខ្មែរ​១នាក់ ជាអ្នកនាំផ្លូវ​តាមម៉ូតូ

ខេត្តកែប​៖ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរ​មកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពត ឆ្ពោះមកខេត្តកែប តាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។

ក្រោយសមត្ថកិច្ចឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកែប បញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរង់ចាំយកសំណាក​វត្ថុវិភាគរកមេរោគកូវីដ-១៩។ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ព្រមជាមួយគ្នានេះ លោកអភិបាលខេត្តកែប ក៏បានក្រើនរំលឹក និងណែនាំបន្ថែម ដល់កងកម្លាំងសមត្ថកិច្ច ឲ្យបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់​ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង