​នគរបាលខេត្ដកំពង់ស្ពឺ ឃាត់ជនបរទេស​១៦នាក់ និងបុរសខ្មែរ​២នាក់​ ​ករណីនាំមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ

ខេត្តកំពង់ស្ពឺ៖ កាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ ដោយបានគោលការណ៍ណែនាំពី នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល​ខេត្ដកំពង់ស្ពឺ និង​លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានដឹកនាំបញ្ជាផ្ទាល់ ចុះស្រាវជ្រាវករណីជនបរទេសចំនួន ១៦នាក់ មានសញ្ជាតិឥណ្ឌូណេស៊ី និងជនជាតិខ្មែរចំនួន ០២នាក់ ជាអ្នកដឹកជញ្ជូនមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ​។

ប្រតិបត្តិការនេះ ចូលរួមសម្របសម្រួលនីតិវិធី​ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងជំនាញ ផែនការងារសន្តិសុខ ផែនការងារអន្ដោប្រវេសន៍ កម្លាំងអន្ដរាគមន៍ និងតម្រួតបទបញ្ជា អធិការដ្ឋានន គរបាលស្រុកឧដុង្គ បានដំណើរការនីតិវិធី រកឃើញជនបរទេស សញ្ជាតិឥណ្ឌូណេស៊ី ចំនួន ១៦នាក់ (ស្រី​០៤នាក់) នៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺ រួមជាមួយជនជាតិខ្មែរ ចំនួន ០២នាក់- រ​ថយន្ត​ទួរីស ០២គ្រឿង (រថយន្តគេចចេញពីគោលដៅ០៣គ្រឿង)។

អ្នកបើកបររថយន្ដ ដឹកជញ្ជូនជនបរទេស១៦នាក់ រួមមាន៖ ​ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល និងឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ចំណែកម្ចាស់រថយន្ត ០៣គ្រឿងទៀត បានគេចខ្លួន ក្រោយពេលពួកគេឃើញ សមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យមានចំនួនច្រើនពេក និងដឹងថា មិនអាចបន្ដដំណើរទៅមុខ​ទៀត រួចបានក៏ដាក់​ជន​បរទេសទាំងនោះ​ទុកចោល រួចនាំគ្នាបើករថយន្ដវិលត្រឡប់ទៅគោលដៅផ្សេងរៀងៗខ្លួន ហើយនៅសល់តែរថយន្តចំនួន ០២គ្រឿង និងអ្នកបើកបរ ០២នាក់ប៉ុណ្ណោះ។

យោងតាមសេចក្ដីសម្រេចលេខ៤៩ សសរ, លេខ៥០, លេខ៥១សសរ និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេ​ងទៀត ពិសេសការកំណត់បម្រាមមួយចំនួន ទាក់ទងការចល័តមនុស្សចេញពីតំបន់មួយ ទៅតំបន់​មួយ​ទៀត​ត្រូវបានហាមឃាត់ ១០០%។

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បញ្ជាក់ថា​ ចំពោះជនបរទេសទាំង ១៦នាក់ខាងលើនេះ គឺពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាម របស់រាជរដ្ឋាភិបាល យ៉ាងពិតប្រាកដ ហើយជាពិសេសដោយមានការសមគំនិតសម្រប​សម្រួល ពីជនជាតិខ្មែរមួយចំនួនផង ក្នុងកា​រធានារត់ការដឹកជនជាតិចិនទាំងនោះ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ដោយជ្រក​ក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូន បានបន្ដដំណើរគេចចេញពីតំបន់មួយ ដោយ​មិនខ្លាច និងមិនចូលរួមអនុវត្ដ​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅក្នុង​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល​៕

អត្ថបទដែលជាប់ទាក់ទង