​រដ្ឋបាលខេត្តព្រះសីហនុ ដាក់ភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ​ជា«តំបន់ក្រហម» ព្រោះ​ជំងឺកូវីដ-១៩ រាតត្បាតធ្ងន់ធ្ងរ!

ខេត្តព្រះសីហនុ​៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការកំណត់ភូមិសាស្ត្រភូមិ១ ដល់ភូមិ៥ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លង​រាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ដាក់ជា«តំបន់ក្រហម» ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ​។

សេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហហនុ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២១ មានហត្ថលេខា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានខ្លឹមសារថា ចំពោះការកំណត់ភូមិសាស្ត្រទាំង​០៥ភូមិ ដាក់ជាតំបន់ក្រហមនេះ​ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ១១៦/២១សសរ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។

សេចក្តីសម្រេច​នេះ ​បានតម្រូវឲ្យបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលស្ថិតក្នុងភូមិសាស្ត្រ «តំបន់ក្រហម» ត្រូវអនុវត្តវិធានការរឹតបន្តឹងមួយចំនួន រួមមាន៖

– បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុត ក្នុង«តំបន់ក្រហម» តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

– ផ្អាកទីផ្សារ កន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភាគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ នៅក្នុងតំបន់ក្រហម ជាបណ្តោះអាសន្ន។

– ហាមដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់តំបន់ក្រហមនេះ លើកលែងតែការធ្វើដំណើរ របស់មន្ត្រីរាជការ និងកងកម្លាំង្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធាន​ការនានា ក្នុងអំឡុងពេលបិទខ្ទប់នេះ។

សេចក្តីសម្រេច​នេះ រដ្ឋបាលខេត្តព្រះសីហនុ ​បានប្រគល់ភារៈកិច្ច​ជូន លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងាចាំបាច់ជាបន្ទាន់ ចំពោះភូមិសាស្ត្រ «តំបន់ក្រហម» ស្ថិតក្នុងដែនសមត្ថកិច្ច​របស់ខ្លួន ឲ្យទទួលជោគជ័យស្របតាមសេចក្តីសម្រេចលេខ១១៦/២១សសរ  ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។

សេចក្តីសម្រេចដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានព្រមានដល់បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លសារ នៃសេចក្តីសម្រេច ដូចមានចែង​ក្នុងប្រការមួយចំនួន នៃសេចក្តីសម្រេច​ខាងលើនេះ នឹងទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

បន្ថែមលើនេះ ចំពោះបុគ្គលល្មើស នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជជំងឹកូវីដ-១៩ និងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ទជាធរមាន។ ហើយថា រាល់បទប្បញ្ញត្តិទាំ​ងឡាយ​ណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុខាងលើនេះ ត្រូវទុកជានិរាករណ៍។

នៅចុងបញ្ចប់ នៃសេចក្តីសម្រេចដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រគល់ជូន នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ- ស្នងការនគរបាលខេត្ត- មេបញ្ជាការកងរាជអាវុធហត្ថខេត្ត- មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ- អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ- ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុក​អនុវត្តសចក្តីសម្រេច​នេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះតទៅ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ៖

អត្ថបទដែលជាប់ទាក់ទង