​ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យក្រុមហ៊ុនGTVC ទៅដឹកស្ត្រី​ឈឺពោះសម្រាលកូនម្នាក់ នៅក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ទី​២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបន្តបញ្ជូនបុគ្គលិកនិង​អូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន (ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) ឲ្យទៅទទួលយកស្ត្រីម្នាក់ ដែលកំពុងឈឺ​ពោះសម្រាលកូន រស់នៅភូមិសុខសាន្ត ក្រុងកោះរ៉ុង បញ្ជូនយកមក​សង្គ្រោះ ឬសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីឈឺពោះសម្រាលកូនខាងលើនេះ ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ ​ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្ត្រីរូបនេះ បានឈឺពោះ​អូសបន្លាយពេលរាប់ម៉ោង ​មានអាការៈល្ហិតល្ងៃធ្ងន់ធ្ងរ ជាពិសេសខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យលើដីគោក ​។ យ៉ាងនេះក្តី ​ក្រោយរូបលោក បានព័ត៌មាននេះ ពីសមត្ថកិច្ចនគរបាល នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងរួមមក ក៏បានបញ្ជូនបុគ្គលិក និងអូប័រពេទ្យល្បឿនលឿនមួយគ្រឿងភ្លាមៗ ឲ្យទៅទទួលយកស្ត្រីឈឺពោះសម្រាលកូនរូបនេះ​ពីកោះរ៉ុង ឆ្ពោះមកកាន់ខេត្តព្រះសីហនុជាបន្ទាន់។ ហើយថា បច្ចុប្បន្ននេះ ស្ត្រីឈឺពោះសម្រាលកូនខាងលើ ត្រូវ​បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកដល់ផែលើដីគោក ​រួចដឹកបន្តតាមរថយន្ត​ របស់ក្រុម GTVC ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។

នាឱកាសនោះ ស្វាមី ក៏ដូចជាក្រុមគ្រួសារស្ត្រី​​ឈឺពោះសម្រាលកូនខាងលើ​ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ ដែលបានបញ្ជូន​អូប័រពេទ្យ ទៅដឹកប្រពន្ធ​ របស់គាត់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ​បានទាន់ពេលវេលា។

ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែល​ធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់មកនេះ ​ទទួលបានការសាទរ និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់សាធារណជន​ទាំងក្នុងប្រទេសកម្ពុជា បន្តរហូតដល់ក្រៅប្រទេសផងដែរ។ មហាជនភាគច្រើន បានចាត់ទុក សកម្មភាពចែករំលែកជំនួយមនុស្សធម៌​ ក៏ដូចជាធ្វើសកម្មភាព​អភិរក្សសត្វកម្រ ទាំងសត្វរស់នៅក្នុងទឹក និងសត្វរស់នៅ​លើកដីគោក របស់លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់មកនេះ ថាបង្ហាញពីទឹកចិត្តដ៏ល្អបរិសុទ្ធ និងជាមនុស្សមានគុណធម៌ដ៏កម្រមួយ​នៅ​កម្ពុជា។ ត្រង់ចំណុចនេះ ពួកគេ​បានកោតសរសើរមិនដាច់ពីមាត់ នូវរាល់សកម្មភាព​ជួយសង្គ្រោះទាំងអាយុជីវិតមនុស្ស និងជីវិតសត្វ របស់លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ និងបន្តរហូតមកដល់ពេលនេះ ថាបានផុសចេញពីបេះដូងដ៏បរិសុទ្ធ ​ឬធ្វើបុណ្យទានដ៏ជ្រះថ្លា ​ជូនចំពោះ​មនុស្សក្រខ្សត់ ឬមានជីវៈភាពតោកយ៉ាក ​ហើយតែងត្រូវបានលោកឧកញ៉ា ជួយចែករំលែក នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផង ​ដើម្បីសង្គ្រោះជីវិត​ឲ្យរស់រានមានជីវិតជាបន្តទៀត។

ជាងនេះទៀត សាធារណជនទូទៅ ក៏បានកោតសរសើរ ចំពោះការងារមនុស្សធម៌ ដែលលោកឧកញ៉ា ទៀ វិចិត្រ ទើបបង្ហាញសកម្មភាពនាពេលថ្មីៗនេះ គឺការបង្កើតឲ្យមានអូប័រពេទ្យ និងក្រុមការងារជួយសង្គ្រោះ ​សម្រាប់ជួយដឹកជញ្ជូន​ជំងឺ ឬស្ត្រីឈឺពោះសម្រាលកូនជាដើម ដែលរស់នៅតាមបណ្តាកោះនានា ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកលើដីគោក ឆ្លងកាត់លម្ហសមុទ្រ ដ៏ធំល្វឹងល្មើយ ជាបន្តបន្ទាប់មកនេះ ថាបានបង្ហាញពីទឹកចិត្តមនុស្សធម៌ ដ៏ស្មោះស របស់លោកឧកញ៉ា ​មិនអាចកាត់ថ្លៃបាននោះទេ។ ហើយថា ​សកម្មភាពមនុស្សធម៌ខាងលើនេះ ​ក៏ត្រូវបានប្រិយមិត្ត ឬក្រុមអ្នកលេង​ហ្វេសប៊ុកភាគច្រើន ​តែងបានផ្ញើសារជូនពរ​ ​លោកឧកញ៉ា ទៀ វិចិត្រ និងបុត្រាបុត្រី ព្រមទាំងសាច់ញាត និងក្រុមការងារ របស់លោកឧកញ៉ាទាំងអស់ សូមមានសុខភាពល្អ និងអាយុយឺនយូរ ដើម្បីបន្តការងារមនុស្សធម៌​ ឲ្យបានយូរអង្វែង​តទៅទៀតនាថ្ងៃអនាគត៕ ដែន សីមា

 

អត្ថបទដែលជាប់ទាក់ទង