អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យគោលដៅបិទខ្ទប់ក្រុង និងតំបន់ក្រហម ក្នុងសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១នេះ បានដឹកនាំមន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យនៅតាមគោលដៅ បិទខ្ទប់មួយចំនួន ក្នុងក្រុងព្រះសីហនុ ក្រោយពេលរដ្ឋបាលខេត្តនេះ បានចេញសេចក្តីសម្រេចបិទខ្ទប់​ក្រុងព្រះសីហនុ និងដាក់ភូមិចំនួន ០៥ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាតំបន់ក្រហម រួចមក។

ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានដឹកនាំ​កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​ចុះអនុវត្តការងារបិទខ្ទប់ និង ល្បាត​ក្នុងក្រុងព្រះសីហនុ ដោយយកចិត្តទុកដាក់។

នាឱកាសនោះ លោក​ ជួន ណារិន្ទ ​ក៏បានក្រើនរំលឹក និងណែនាំ​ដល់កងកម្លាំងទាំងអស់ ដែលឈរជើងបំពេញភារកិច្ចតាមគ្រប់គោលដៅនីមួយៗ ត្រូវប្រកាន់ខ្ជាប់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ និងវិធានការ​សុខាភិបាល​ គឺត្រូវពាក់ម៉ាស​- ពាក់របាំងមុខ​ និងពាក់ស្រោមដៃពេលអនុវត្តភារកិច្ចឲ្យបានជាប្រចាំ ជាពិសេសនៅពេលពិនិត្យឯកសារពាក់ព័ន្ធ របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង