គ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ ស្រុកស្រែអំបិល របួសមនុស្ស២នាក់

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ បុកប៉ះជាមួយ រថយន្ដសាំយ៉ុងបញ្ច្រាស់ទិសគ្នា កាលពីព្រឹកថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សរងរបួសចំនួន០២នាក់(ស្រី០១នាក់)តាមផ្លូវជាតិលេខ​៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​១៤៩-១៥០ ក្នុងភូមិសាស្ត្រភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចនគរបាលស្រុកស្រែអំពិល បានឲ្យដឹងថា រថយន្តធំម៉ាកហុី យ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3A -2002 (អ្នកបើកបរបានរត់គេចខ្លួនបាត់) និងរថយន្តសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2M -8096 បើកបរដោយឈ្មោះ កៅ ព្រំភេទប្រុស អាយុ ៣៩ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរ ឈ្មោះ ឈឿន សាអែម ភេទស្រីអាយុ ៤៩ឆ្នាំរងរបួសបាក់ដៃម្ខាង។

អ្នកទាំង​០២ មានទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តសាំយ៉ុងបែកកង់ក្រោយខាងស្ដាំ រួច រេ​ចង្កូតចូលទៅខាងផ្លូវរថយន្ដកុងតឺន័រតែម្ដង។ បច្ចុប្បន្នទាំង ០២គ្រឿង ត្រូវកម្លាំងជំនាញយកមករក្សាទុកនៅអធិការ​ដ្ឋាននគរបាលស្រុកស្រែអំបិល​៕

អត្ថបទដែលជាប់ទាក់ទង