សម្តេច ហ៊ុន សែន ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ​វិលពី​​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​​ នៅ​ប្រទេសឥណ្ឌូនេស៊ី​វិញហើយនៅល្ងាចនេះ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅតាមផេកហ្វេសប៊ុក​របស់សម្តេច​ថា “ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់ មកកាន់មាតុប្រទេសវិញ​ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នំា២០២១។ ក្រៅ​ពីកិច្ចប្រជុំកំពូល ពិសេសជាមួយមេដឹកនាំអាស៊ាន ខ្ញុំក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ាន បាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែង ដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ខ្ញុំរីករាយចំពោះលទ្ធផលល្អ នៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាព ក្នុងតំបន់ ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ​ ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាក ដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹង​ធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពសុខភាព”។

បន្ថែមលើនេះ សម្តេចតេជោ ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង