សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព

រាជធានីភ្នំពេញ៖ នៅម៉ោងប្រមាណ ៩ និង៥០យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។

កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន បាននាំគ្នាពិភាក្សាផ្ដោតទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែង ដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្ត នៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

បន្ទាប់ពីអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម​ សម្ដេចតេជោ និងគណៈប្រតិភូ បានផ្ដល់សំណាក ដើម្បីពិនិត្យកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចនឹងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធានាសុវត្ថិភាពសុខភាព។

សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ អោយបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំ របស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង