​​ប្រជាពលរដ្ឋ៥ភូមិរស់នៅ«តំបន់ក្រហម» ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ត្រូវទៅ​ផ្តល់វត្ថុសំណាក់រកមេរោគកូវីដ-១៩ទាំងអស់គ្នា

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពីការប្រមូលវត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» នៅខេត្តព្រះសីហនុ រួមមាន៖ ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹង ចុះថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០២១ ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំម្រាបជួនប្រជាពលរដ្ឋថា ម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាល​ដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ តំបន់ក្រហម»ត្រូវតែផ្តល់កិច្ចសហការចុះឈ្មោះជាមួយក្រុមការ​ងារ ដែលកំពុងចុះស្រង់ឈ្មោះនៅតាមផ្ទះ ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនៅ ក្នុងក្រុម​ភូមិរបស់បងប្អូន និងត្រូវទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល នៅតាមទីតាំង និង​ពេលវេលា​តាមការជូនព័ត៌មាន របស់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ថា ក្រោយពេលបានផ្តល់វត្ថុសំណាករួចហើយ ប្រជាពលរដ្ឋទាំងអស់ ត្រូវដាក់ខ្លួនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ តាមបទបញ្ជាផ្ទៃក្នុង ដែលបានកំណត់។

ទាក់ទិនករណីនេះ ប្រជាពលរដ្ឋណាម្នាក់ ដែលមិនព្រមសហការ ឬគេចវេះមិនព្រមទៅផ្តល់វត្ថុសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងមិនព្រមធ្វើចត្តាឡីស័ក តាមការណែនាំនេះ នឹងត្រូវទទួលទោសដូចមានកំណត់​នៅក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង