លោក សាយ សំអាល់ នាំយកជំនួយរបស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋប្រមាណ៦ពាន់គ្រួសារ រស់នៅក្រុងព្រះសីហនុ ដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះចែកស្បៀងអាហារ ដែលជាជំនួយឧបត្ថម្ភ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី យកទៅចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ទាំង ០៤ ក្នុងក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។  ជំនួយឧបត្ថម្ភខាងលើនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណសាលាអនុវិទ្យាល័យចំការកៅស៊ូ ឃ្លាំងលើ ក្រុងព្រះសីហនុ។ ស្បៀងអាហារ ដែលបានផ្តល់ជូនប្រជាពលរដ្ឋប្រមាណ០៦ពាន់គ្រួសារ មកពីសង្កាត់ទាំង០៤ ក្នុងក្រុងព្រះសីហនុពេលនេះ គឺក្នុង០១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ- ទឹកសុទ្ធ០១កេះ- មី០១កេះ- ទឹកស៊ីអ៊ីវ០១យួរ- ទឹកត្រី០១យួរ និងត្រីខកំប៉ុង០១យួរ។

នាឱកាសនោះ លោក សាយ សំអាល់ បានពាំនាំអនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងកាលៈទេសៈ បិទខ្ទប់មិនឱ្យមានការចេញ-ចូលក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈមូលដ្ឋានក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានអត្រាថយចុះនៅឡើយនោះ។

បន្ថែមលើនេះ លោក សាយ សំអាល់ ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវសម្អាតអនាម័យ- ពាក់ម៉ាស- រក្សាគម្លាតសុវត្ថិភាព – លាងដៃជាមួយទឹកអាល់កុល- ជែល និងទឹកសម្លាប់មេរោគផ្សេងៗទៀតឲ្យបានជាប្រចាំ ហើយប្រសិនបើមិនចាំបាច់ទេ សូមកុំចាកចេញពីផ្ទះឲ្យសោះ។ ជាពិសេសជាងនេះ ត្រូវបន្តអនុវត្តវិធានការ ០៣កុំ និង០៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យទទួលជោគជ័យ។

ដោយឡែក នៅថ្ងៃអាទិត្យ ទី២៥ ខែមេសានេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនេះ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ ក៏បានចុះជួបសំណេះសំណាល និងនាំយកជំនួយមនុស្សធម៌ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៣៧៥គ្រួសារទៀត រស់នៅសង្កាត់លេខ៣ ដែលកំពុងធ្វើចត្តាឡីស័ក ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុង០១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម- ទឹកត្រី០១យួរ- ត្រីខ០១យួរ- ទឹកស៊ីអ៊ីវ០១កេះ- មី០១កេះ និងទឹកបរិសុទ្ធ០១កេះ។ ហើយថា ពីធីចែកស្បៀងអាហារនេះ បានរៀបចំឡើង នៅក្នុងបរិវេណអនុវិទ្យាល័យសម្តេចឳ ក្រុងព្រះសីហនុ។

ក្នុងពិធីនោះដែរ លោក គួច ចំរើន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ០៣កុំ និង០៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ នៃកម្ពុជា ឲ្យបានជាប្រចាំ ប្រយោជន៍ដើម្បីចូលរួមការពារការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ របស់ខ្លួនផង និងដើម្បីសង្គមជាតិចៀសផុតពីជំងឺកូវីដ-១៩ នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង