លោក តាក វណ្ណថា តំណាងរាស្ត្រខេត្តព្រះសីហនុ ចុះ​ប្រគល់ផ្ទះ១ខ្នងជូនស្ត្រីមេម៉ាយម្នាក់ និងមានកូនចៅ៥នាក់​ក្នុងបន្ទុក រស់នៅស្រុកកំពង់សិលា​

ខេត្តព្រះសីហនុ៖ ​បន្ទាប់ពីបានចុះ​ជួបសួរសុខទុក្ខ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី រួចមកនៅមណ្ឌលសុខភាពស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១នេះរួចមក។ លោក តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងជាសមាជិក សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬគណៈកម្មការទី៩​ នៃរដ្ឋសភា បានបន្តដឹកនាំក្រុមការងារ បន្តដំណើរចុះទៅប្រគល់ផ្ទះមួយខ្នង មាន ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ដែលជាអំណោយ របស់រូបលោកផ្ទាល់ ជូនលោកយាយ ផង ផល ជាស្ត្រីមេម៉ាយ​ មានកូន០២​នាក់​ និងចៅ០៣នាក់​ នៅក្នុងបន្ទុក​​។ ផ្ទះមួយខ្នងនេះ លោក តាក វណ្ណថា បានចំណាយថវិកាផ្ទាល់ខ្លួន សាងសង់អស់ជិត ១៣លានរៀល។

នាឱកាសនោះដែរ ​អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ​ លោក តាក វណ្ណថា ក៏បានចុះជួបសំណេះសំណាលជាមួយ ​ប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារទៀត នៅមូលដ្ឋានខាងលើនេះ ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ​ដែលជានិច្ចកាល​តែងតែ បានជួយគិតគូរ និងផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមរយៈ មន្ត្រីចុះមូល​ដ្ឋាន និងបានណែនាំពីវិធានការការពារការឆ្លងជម្ងឺកូវីដ-១៩ របស់សម្តេចតេជោ “០៣កុំ និង០៣ការពារ” ផងដែរ។

នៅក្នុងពិធីសំណេះសំណាលនោះ អ្នកតំណាងរាស្ត្រ តាក វណ្ណថា ក៏បាន​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូន ប្រជាពលរដ្ឋក្រីក្រទាំង ៣០គ្រួសារនោះ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូក្រាម- ទឹកត្រី ០១យួរ- សាប៊ូ ០១ដុំ- ម៉ាស ០១កញ្ចប់ និងថវិកាចំនួន ០២ម៉ឺនរៀល​។

ក្រោយបញ្ចប់ពិធីប្រគល់ផ្ទះ និងជួបសួរសុខទុក្ខពលរដ្ឋជួបការលំបាកទាំង ៣០គ្រួសារ ខាងលើរួមមក។ សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះសីហនុ ​លោក តាក វណ្ណថា ​ក៏បានអញ្ជើញចុះទៅកាន់សាលាឃុំកំពង់សិលា និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សិលា ដោយបានឧបត្ថម្ភ អាល់កុល ចំនួន ០១កាន =៣០លីត្រ រួមជាមួយឧបករណ៍ ឬប្រដាប់សម្រាប់បាញ់អាល់កុលចំនួន ០៤គ្រឿង និងម៉ាស ចំនួន ០៤ប្រអប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង