ក្រសួងសុខាភិបាល អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ​ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បាន​អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកវីដ-១៩ ប៉ុន្តែតម្រូវឲ្យមានលក្ខខណ្ឌចំនួន​១១ចំណុច។ ​

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ មានចុះហត្ថលេខា ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានខ្លឹមសារថា សូមជម្រាបជូនដល់ម្ចាស់ សេវាព្យាបាលឯកជន និងសម្ភព ស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ ឲ្យបានជ្រាបថា ដើម្បីជួយសម្រាលបន្ទុក របស់មន្ទីរពេទ្យរដ្ឋ ក្រសួងអនុញ្ញាតឲ្យសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ​។

ក្រសួងសុខាភិបាល បញ្ជាក់ថា ដើម្បីស្នើសុំការអនុញ្ញាតច្បាប់ខាងលើនេះ ត្រូវធ្វើឡើងតាមរយៈ នាយកដ្ឋានមន្ទីរពេទ្យ ដែលមានទូរស័ព្ទ និងតេឡេក្រាម លេខ៖ ០១២ ៩១២ ១២២, ០១២ ៨៩១ ៥២៧ និង០១២ ៦៩១ ១១២ និងត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

១- មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២- មានផ្លូវ និងចំណតរថយន្តសមស្រប
៣- មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤- មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥- មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦- មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧- មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨- មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩- មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០- មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
១១- ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល។

ផ្តើមពីបញ្ហានេះ ក្រសួងសុខាភិបាល បានស្នើដល់ម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញ​ទាំងអស់ជ្រាប សូមរៀបចំចាត់ចែងស្នើសុំការអនុញ្ញាតច្បាប់ មកក្រសួងសុខាភិបាល តាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង