អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារលក់ម្ហូបអាហារ បណ្តោះអាសន្នក្នុងបរិវេណផ្សារទំនើប Furi

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២៥ ខែមេសា​ ឆ្នាំ​២០២១​ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ផ្សារលក់គ្រឿងឧបភោគបរិភោគ បណ្តោះអាសន្នស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជិតផ្សារទំនើប Furi សូមអញ្ជើញមកទិញគ្រឿងឧបភោគបរិភោគមានដូចជា៖ អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខទៀត នៅទីតាំងផ្សារបណ្តោះអាសន្ន ដែលរដ្ឋបាលខេត្តបានរៀបចំនេះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដោយមានការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលកើនឡើង។

បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រង និងអាជីវករលក់ដូរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស គម្លាតសុវត្ថិភាព លាងដៃជាមួយនឹងទឹកអាល់កុល ជែល និងទឹកសម្លាប់មេរោគផ្សេងៗឱ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្តវិធានការ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺ ០៣កុំ និង០៣រពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីយើងចៀសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត។

ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញ នូវវិធានការប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេល នៃការបិទខ្ទប់ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ននេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង