តើ «​បុណ្យវិសាខបូជា»មានអត្ថន័យដូចម្តេច? ​គឺជាការ​រំឭកនឹកដល់ព្រឹត្តិការណ៍ធំ​បី នៃសម័យកាល​របស់ព្រះសម្មា​សម្ពុទ្ធសមណគោតម គឺថ្ងៃ​ព្រះអង្គទ្រង់​ប្រសូត- ​ត្រាស់ដឹង និង​ថ្ងៃចូលបរិនិព្វាន​..

រាជធានីភ្នំពេញ៖ សូមអនុមោទនា ​ថ្ងៃ​បុណ្យវិសាខបូជា..! ថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។

បុណ្យវិសាខបូជានេះ មិនថាតែនៅកម្ពុជានោះទេ ដែលប្រារព្វពិធីបុណ្យនេះ គឺនៅថ្ងៃនេះ ពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះដូចគ្នាកម្ពុជាផងដែរ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញ នូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាល របស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត- បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

បុណ្យវិសាខបូជានេះ គឺកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង