មនុស្សបីនាក់ ត្រូវតុលាការខេត្តកណ្តាល សម្រេចដាក់ពន្ធនាគារ​​ដោយ​សារនាំគ្នាផឹកស៊ី ​បើករថយន្តបំពានគោលដៅបិទខ្ទប់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា មន្ត្រី​យោធា​នៅ​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ និង សង្សារ ព្រមទាំង​មិត្តភក្តិម្នាក់ទៀត សរុបមានគ្នាចំនួន ០៣នាក់ បាននាំគ្នា​ផឹកស៊ី​សប្បាយក្អាកក្អាយ រួច​បើករថយន្ត​មក​បំពាន​នៅ​ចំណុច​គោលដៅ «​បិទ​ខ្ទប់​» ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន ​លោក វ៉ាន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន
កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ​ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​គោរព​វិធានការ​រដ្ឋបាល​» តាម​មាត្រា​៤ និង មាត្រា​១០ នៃ​ច្បាប់​ស្តីពី​កូ​វីដ-១៩។​

​ហេតុការណ៍​ឈានដល់ជាប់ពន្ធនាគារ របស់ជនសង្ស័យទាំង០៣នាក់ខាងលើនេះ បាន​កើតឡើង​នៅម៉ោង ០៩ និង៤០នាទីយប់ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្លូវ​១១៥​ ជិត​ស្តុ​ប​៦០​ម៉ែត្រ ភូមិ​បត់​តាជី សង្កាត់​​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​មានឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​នាយកដ្ឋាន វិស្វកម្ម មានកំ​រិត​ជាតិ អាល់កុល ០.០៧៦​មី​លីត្រ​ខ្យល់​, ឈ្មោះ សាត សុ​ម៉ាលី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ និង ឈ្មោះ ណី ប៊ុនធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​គ្រូ​ចិន​សែ​។​

​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឲ្យដឹងថា នៅពេល​​កម្លាំងចម្រុះ​កំពុងតែ​ឈរ​យាម នៅ​គោលដៅ​ផ្លូវ​១១៥ ជិត​ស្តុ​ប​៦០​ម៉ែត្រ អនុវត្ត​សេចក្តីសម្រេច ​របស់​រាជ​រដ្ឋាភិបាល ​ក៏ស្រាប់តែ​ឃើញ​មនុស្ស​ទាំង​ ០៣​នាក់ ស្ថិតក្នុងស្ថានភាព​ស្រវឹង បានជិះ​រថយន្ត​មកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជា​អ្នកបើក ហើយ​សមត្ថកិច្ច ក៏បាន​ឃាត់​សួរនាំ តាម​នីតិវិធី តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង