រាជរដ្ឋាភិបាល សម្រេចបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ៧ថ្ងៃទៀត

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្ តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាព នៃការវិវត្តការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿង”។

“តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់លឿង” សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្ត្រណាមួយ ក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល។

ការកំណត់ភូមិសាស្ត្រ ក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ព្រមទាំងវិធាន ដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗស្របតាមសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ៕

អត្ថបទដែលជាប់ទាក់ទង