សមត្ថកិច្ច​ចម្រុះ​ព្រំដែនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃ៧នាក់​ លួចឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់​​

ខេត្តបន្ទាយមានជ័យ​៖​ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងចម្រុះបាន​ឃាត់ខ្លួនជនជាតិថៃចំនួន ០៧នាក់​ ដែលចូលមកប្រទេសកម្ពុជា ដោយគ្មានឯកសារគ្រប់គ្រាន់ហើយ ហើយបម្រុងលួចឆ្លងដែន​វិល​​ទៅកាន់​ប្រទេសថៃវិញ​ ប៉ុន្តែត្រូវបាន​សមត្ថកិច្ចចម្រុះ ឈរជើងប្រចាំការនៅតាម​បន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពី​ម៉ោង ០៧ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN ១៩៦០​.​០២១២៧០១.​១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដឹងថា​​ កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ​ និងកម្លាំងយោធាវរៈ​៥១១​ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន ០៧នាក់​ ក្នុងនោះមានស្រី២នាក់​ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។​

សមត្ថកិច្ចបន្តថា​​ ជនជាតិថៃទាំង០៧នាក់​ ក្រោយពីសមត្ថកិច្ចសួរនាំ​ ​បានឆ្លើយថា​ ពួកគាត់មកពីខេត្តឈៀងរ៉ាយ​ ប្រទេសថៃ​ មកស្នាក់នៅក្រុងប៉ោយប៉ែត រយៈពេល ០១សប្តាហ៍កន្លងមកហើយ​ ដើម្បីធ្វើការងារ បន្ទាប់​មកត្រឡប់ទៅប្រទេសថៃវិញ ក៏ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ននេះ បន្ទាប់ពី​កម្លាំងសមត្ថកិច្ចចម្រុះបានបញ្ចប់ការសាកសួរ ក៏បានប្រគល់ជនជាតិថៃទាំង ០៧នាក់ខាងលើនេះ ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង