តុលាការ​​​ឃុំខ្លួន​បុរសឈ្មោះ លាន់ ឡា ​ពីបទ​គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈវត្ថុសំណាកធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩

រាជធានីភ្នំពេញ​​៖ ​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបញ្ជូន​បុរស​ម្នាក់​រស់នៅ​ខណ្ឌ​បឹង​កេងកង​ ក្រោយ​ពីបាន​ព្យាបាល​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​រួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាម​ផ្លូវច្បាប់​ ទាក់ទិនបុរសរូបនេះ ពេល​គ្រូពេទ្យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​រយៈពេល ១៤ថ្ងៃ ប៉ុន្តែបែរជា​លួច​គេច​ចេញ​ទៅ​ចូលរួម​ពី​មង្គលការ​មិត្តភក្តិ​នៅ​ខេត្តកំពត​ និង​ទីកន្លែង​មួយ​ចំនួន​ទៀត​ ខណៈ​​វត្ថុ​សំណាក ​របស់​បុគ្គល​រូប​នេះ ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​។​

​លោក​ឧត្តមសេនីយ៍ទោ​ ប៊ុ​ន​ សុ​សិក្ខា​ ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ​បាន​ឱ្យ​ដឹង​ថា​ បុរស​ខាងលើនេះ ​ឈ្មោះ​ លាន់​ ឡា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ប្រកប​មុខរបរ​លក់​កាហ្វេ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​១០០៥​ កែង​៣៦៥​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ផែន​ការងារ​សន្តិសុខ​ បញ្ជូន​ទៅ​តុលាការ​ ហើយ​នៅ​ថ្ងៃ​ដដែល​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​ លោក​ កូយ​ សៅ​ បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​សម្រេច​បទបញ្ជា​ថ្មី​ទៀត​​។​

បុរស​រូប​នេះ ​រង​ការ​ចោទប្រកាន់​ពី​បទ​ មិន​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល​ គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ ជា​បទល្មើស​ព្រហ្មទណ្ឌ​ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៧​ នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​​។​

សមត្ថកិច្ចបញ្ជាក់ថា ចំពោះបទល្មើសខាងលើនេះ​ គឺក្រុមការងារ​គណៈ​ក​ម្មា​ការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​-១៩ ​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​បុគ្គល​មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល​ ដើម្បី​យក​ទៅ​អនុវត្តឲ្យស្របតាម​នីតិវិធីច្បាប់​។​

គួររំលឹកថា​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២១​ បុរស​ឈ្មោះ​ លាន់​ ឡា​ មាន​អាកា​រៈ​ក្តៅខ្លួន​ ក្អក​ និង​ឈឺបំពង់ក​ ហើយ​បាន​ទៅ​យក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ បន្ទាប់​មក​គ្រូពេទ្យ​តម្រូវ​ឱ្យធ្វើ​ច​ក្តា​ឡី​ស័ក​ រយៈពេល ១៤​ថ្ងៃ​នៅផ្ទះ​ ប៉ុន្តែ​បុគ្គល​នេះ ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​ក្រសួងសុខាភិបាល​នោះ​ទេ​​។​ រួមមាន៖ នៅ​យប់​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ ឈ្មោះ​ លាន់​ ឡា​ និង​មិត្តភក្តិ​០២​នាក់​ទៀត​ បាន​ទៅ​ស្ទី​ម​ និង​ស្ប៉ា​នៅ​ Arthur​ and​ Paul​ ផ្ទះ​លេខ​២៧​ ផ្លូវ​៧១​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​ បន្តមកទៀត ​នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២១​ បុគ្គល​ខាងលើ​ រួម​នឹង​មិត្តភក្តិ​ ០២​នាក់​នោះ ក៏បាន​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ ដោយ​ជិះ​រថយន្តឈ្នួល​ ទៅ​ចូលរួម​ពិធី​មង្គលការ​ នៅ​ភូមិ​ដំណាក់​ទ្រព្យ​ ឃុំ​ក្រាំង​ស្នាយ​ ស្រុក​ឈូក​ ខេត្តកំពត​ ហើយ​នៅ​តាម​ផ្លូវ​អ្នក​បើករថយន្ត​ ក៏​បាន​ដឹក​ភ្ញៀវ​​ម្នាក់​ទៀត​។​

ដោយឡែក ចំពោះលទ្ធផល ដែលបុរសខាងលើបានយកវត្ថុសំណាកទៅតេស្តមេរោកកូវីដ-១៩ គឺលទ្ធផល នៅ​យប់​ថ្ងៃដដែល គឺថ្ងៃ​ទី១៤ ខែមេសា គឺលទ្ធផល​ធ្វើតេស្ត​​មាន​វិជ្ជា​មានមេរោគកូវីដ​-១៩​។ ហើយភ្លាមៗនោះ ក្រុមគ្រូពេទ្យ ក៏បាន​យករថយន្តពេទ្យ​ទៅកាន់ផ្ទះ ឈ្មោះ​ លាន់​ ឡា​ ​ដើម្បី​យក​ទៅ​ព្យាបាល​ ប៉ុន្តែ​បុគ្គល​នេះ​មិន​នៅផ្ទះ​ ដោយអ្នកជិតខាង និយាយថា បុគ្គលរូបនេះ បានទៅ​ចូលរួម​​មង្គលការ​មិត្ត​ភ្តិ​នៅ​ខេត្តកំពត​ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង។​

​សមត្ថកិច្ចបញ្ជាក់ថា បុរសឈ្មោះ​ លាន់​ ឡា​ ខាងលើនេះ ក្រោយ​ពីរូបគេ បាន​ដឹង​ថា​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ ថែម​ទាំង​នាំ​មិត្តភក្តិ ០៥​នាក់​ទៀត ​ជិះ​រថយន្ត​ជាមួយ​គ្នា​ចេញពី​ខេត្តកំពត​ ឆ្ពោះមក​កាន់រាជធានី​​ភ្នំពេញ​។​ ហើយ នៅ​ពេល​បុគ្គល​រូបនេះ​ មក​ដល់រាជធានី​ភ្នំពេញ​ គ្រូពេទ្យ​ក៏​បាន​នាំ​ទៅ​ព្យាបាល​នៅ​សណ្ឋាគារ​ great​ duke ដើម្បីព្យាបាល។ ចំណែក​មិត្តភក្តិ​ទាំងនោះ​ ក៏បាន​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា​​។​

​នៅ​ក្នុង​អំឡុងពេលឈ្មោះ លាន់ ឡា ​មិន​បានអនុវត្តធ្វើ​ច​ត្តា​ឡី​ស័ក​តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះ គឺ បុគ្គល​រូបនេះ​ បាន​ធ្វើ​ដំណើរ​ចេញពីកន្លែង​មួយ​ ទៅ​កន្លែង​មួយទៀត​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ២០០​នាក់​ទៀ ត​ពាក់ព័ន្ធ​ដោយ​ប្រយោល​ និង​នាំ​គ្នា​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​បាន​ចម្លង​កូ​វី​ដ-​១៩​ទៅ​បុគ្គល​០៣​នាក់​ផ្សេង​ទៀត​។​

យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចបញ្ជាក់ថា បុគ្គល​ឈ្មោះ​ លាន់​ ឡា​ ក្រោយ​ពី​ព្យាបាល​ជំងឺ​កូ​វី​ដ-​១៩​ ជា​សះស្បើយ​សណ្ឋាគារ​ great​ duke​ ​បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ ក៏​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ រយៈពេល​១៤​ថ្ងៃ​ទៀត នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ រាជធានី​ភ្នំពេញ​ ខណ្ឌ​ព្រែក​ព្នៅ​។ ហើយក្រោយ​ពីបុគ្គលរូបនេះ បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់តាមច្បាប់កំណត់ហើយ គឺ​នៅ​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ ក៏​បាន​ចាប់​បញ្ជូន​ទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់​តាម​នីតិវិធីច្បាប់​ និងត្រូវបានចៅក្រមស៊ើបសួរ បញ្ជាឲ្យសមត្ថកិច្ច បញ្ជូនខ្លួនបុគ្គលឈ្មោះ លាន់ ឡា ខាងលើនេះ ​យកទៅ​ឃុំខ្លួ​ន​នៅពន្ធនាគារជាបណ្តោះអាសន្ន និងរង់ចាំការសម្រេចជាក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង