លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រងការចោទថា ប្រមូលផ្តុំគ្នា​ផឹកស៊ីជល់កែវ ល្មើសបម្រាមទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ សាធារណជន និងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ បានស្នើដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យជួយបើកការស៊ើបអង្កេត ទៅលើសកម្មភាព របស់ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តល្មើសនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់បំរាមហាមឃាត់ការប្រមូលផ្តុំគ្នាផឹកស៊ី ឬជួបជុំមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការរាត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ប្រភពបានចោទ លោក ឡេ ច័ន្ទសង្វាត ថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង និងលេងប៉ាតម៉្សៅ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដោយល្មើសនឹងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលផង ជាពិសេសល្មើសនឹងបំរាម របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពបន្តថា កាលពីខែមករា ឆ្នាំ២០២១ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏រងការចោទប្រកាន់មានជាប់ពាក់ព័ន្ធ នឹងទទួលសំណូកពុករលួយ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិកសុខាភិបាលជាប់កិច្ចសន្យាចំនួន ដែលចង់មានឈ្មោះចូលក្នុងក្របខណ្ឌរដ្ឋ នូវចំនួនទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗ។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឡេ ច័ន្ទសង្វាត ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន ចុះផ្សាយថា បើចង់ចូលក្របខណ្ឌពេទ្យរដ្ឋ គឺត្រូវចំណាយលុយចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក (១៥.០០០ដុល្លារ) ក្នុងម្នាក់ នឹងបានទទួលហើយ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយបដិសេធថា ជារឿងមិនពិត ហើយបានស្នើដល់អ្នកសូកលុយចូលក្របខណ្ឌរដ្ឋទាំងនោះចេញមុខ ហើយកាលណោះក៏គ្មាននរណាម្នាក់ហ៊ានចេញមុខដែររហូតមកដល់ពេលនេះ។

យ៉ាងនេះក្តី លោក ឡេ ច័ន្ទសង្វាត ក៏ស្រាប់តែក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ បែរជារងការចោទ និងបែកធ្លាយរូបថតថា បានប្រមូលផ្តុំមន្ត្រីក្រោមឱវាទ ធ្វើពិធីជួបជុំផឹកគ្រឿងស្រវឹង និងលេងប៉ាតម៉្សៅជាដើម ដោយមិនខ្វល់នឹងបំរាម របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នោះទេ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាលើ បាននៅឡើយទេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង