អភិបាលស្រុកកោះកុង ទុកពេល៣០ថ្ងៃ​ត្រូវរុះរើសំណង់ និងកាយអាចម៍ដី​ពីមាត់ព្រែកតាតៃឲ្យអស់ បើមិន​ចង់ជាប់គុក..​

ខេត្តកោះកុង៖ អាជ្ញាធរស្រុកកោះកុង បានសម្រេចឲ្យម្ចាស់ទីតាំងដីចំនួន ០៥ទីតាំង ត្រូវរុះរើ និងកាយអាចម៍ដី ចេញពីចំណីព្រែក ឲ្យអស់ក្នុងរយៈពេល​៣០ថ្ងៃ ជាកំហិត ក្រោយមន្ត្រីជំនាញ​ពិនិត្យឃើញថា សកម្មភាពសង់សំណង់ផ្សេងៗ និងការដឹកដីចាក់លុបមាត់ព្រែក គឺបានរំលោភបំពានដល់ទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាធនធានធម្មជាតិរបស់រដ្ឋ នៅតាមបណ្តោយព្រែកធម្មជាតិ ដែលជាតំបន់ស្ថិតក្នុងអេកូទេសចរណ៍ធម្មជាតិតាតៃ។

លោក ណឹម ភិរម្យ អភិបាលស្រុកកោះកុង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងដីចំនួន ០៥ទីតាំង ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ដែលបានសកម្មភាពជីកកកាយដីភ្នំ- វាយព្រៃ និងដឹក​អាចម៍ដីចាក់រំលោភចំណីព្រែក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ការពារដោយរដ្ឋធម្មនុញ្ញ យ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើជាប្រយោជន៍​ឯកជនដោយខុសច្បាប់ បំផ្លាញធនធានធម្មជាតិ និងជីវចម្រុះក្នុងមូលដ្ឋាននេះធ្ងន់ធ្ងរ។

​នាឱកាសចុះពិនិត្យដល់ទីតាំងមានបទល្មើសខាងលើនេះ លោក ណឹម ភិរម្យ ​បានបញ្ជាក់ថា ជាលទ្ធផលម្ចាស់ដីចំនួន ០៥នាក់ គឺមានឈ្មោះ តេង ប៊ុន ម៉ម សុថាវី (ប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង- ឈ្មោះ អ៉ឹម ផល- កេត សុជាតិ និង ឈ្មោះ កេត វិចិត្រ ពិតជាបានធ្វើសកម្មភាពជីកកកាយរំលោភបំពានដីព្រៃភ្នំ និងដីចំណីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពិតប្រាកដមែន។ ជាពិសេស រាល់សកម្មភាពប្រើគ្រឿងចក្រជីកកកាយដីភ្នំ – ដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់ផ្សេងៗខាងលើនេះ គឺពុំមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។

លោកអភិបាលស្រុកកោះកុង សង្កត់ធ្ងន់ថា ក្រោយការចុះពិនិត្យជាក់ស្តែង គឺក្រុមការងារបច្ចេកទេស បានសម្រេចឲ្យភាគីម្ចាស់ដីទាំង ០៥នាក់ខាងលើនេះ ត្រូវរុះរើកញ្ចុះ ឬសំណង់ របស់ខ្លួន ដែលបានសាងសង់រំលោភចូលលើដីចំណីព្រែក ចេញទាំងអស់ និងត្រូវកាយយកអាចម៍ដីចេញ ដោយរក្សាទុកចំណីព្រែក២០ម៉ែត្រ។ ជាងនេះទៀត ក៏ត្រូវដាំស្តារដើមឈើ ដែលបានបំផ្លាញដោយការចាក់ដីលុបនៅតាមទីតាំងទាំងនោះឡើងវិញ ដោយទុករយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។ បន្ថែមលើនេះ ក៏មិនអនុញ្ញាតឲ្យភាគីម្ចាស់ដីខាងលើ ជីកកាយដីភ្នំ និងសាងសង់សំណង់ផ្សេងៗ នៅលើចំណីព្រែក តាមអំពើចិត្តទៀតដែរ។ ហើយថា បើភាគីម្ចាស់ដីចង់សាងសង់ ឬចង់ធ្វើសកម្មភាពចាក់អាចម៍ដី ឬវាយព្រៃ នៅលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ដោយអាជ្ញាធរនោះ គឺត្រូវសុំច្បាប់ជាមុនសិន​។

ត្រង់ចំណុចនេះ អភិបាលស្រុកកោះកុង បានព្រមានថា ក្រោយធ្វើកិច្ចសន្យារួច ប្រសិនបើភាគីម្ចាស់ដីនៅតែរឹងរូស មិនព្រមអនុវត្តតាមការណែ របស់អាជ្ញាធរស្រុក​ទេ អាជ្ញាធរ នឹងរៀបចំបែបបទដាក់ពាក្យ​បណ្តឹងទៅអយ្យការសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។

យ៉ាងណាក៏ដោយចុះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចមានប្រភពទាក់ទង បុគ្គលទាំង ០៥រូប ដែលរដ្ឋបាលស្រុកកោះកុង បង្ហាញឈ្មោះថា បានរំលោភបំពានដីសាធារណៈ របស់រដ្ឋ​នៅ​ឃុំ​តាតៃ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២១នេះ ដោយសារពួកគាត់​មួយចំនួន​ បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕

អត្ថបទដែលជាប់ទាក់ទង