សាធារណជនកំពុងចាំមើលចំណាត់ការ របស់រដ្ឋបាលស្រុកកោះកុង តម្រូវឲ្យអ្នកពាក់ព័ន្ធរុះរើសំណង់ និងកាយដីចេញពីមាត់ព្រែកតាតៃ តើមានប្រសិទ្ធភាពកំរិតណា?

ខេត្តកោះកុង៖ សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តកោះកុង កំពុងរង់ចាំមើលប្រសិទ្ធភាព នៃការដាក់បទបញ្ជា របស់អភិបាលខេត្តកោះកុង ដែលតម្រូវឲ្យម្ចាស់ទីតាំងដីចំនួន ០៥​កន្លែង ត្រូវរុះរើសំណង់គ្មានច្បាប់សង់លើមាត់ព្រែក និងដឹកអាចម៍ដី ដែលចាក់លុបចំណីមាត់ព្រែក មានទីតាំងនៅឃុំតាតៃ ដោយទុករយៈពេល ៣០ថ្ងៃ ថាតើនឹងទទួលបានលទ្ធផលផ្លែផ្កាត្រឹមកំរិត​ណា?។

រដ្ឋបាលស្រុកកោះកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ បានតម្រូវឲ្យរុះរើសំណង់អត់ច្បាប់សង់នៅលើមាត់ព្រែក និងកាយអាចម៍ដីចេញពីចំណីព្រែក តាតៃ ឲ្យអស់ក្នុងរយៈពេល៣០ថ្ងៃជាកំហិត ក្រោយមន្ត្រីជំនាញ នៃរដ្ឋបាលស្រុកកោះកុង បានចុះពិនិត្យឃើញថា សកម្មភាពសង់សំណង់ផ្សេងៗ និងការដឹកដីចាក់លុបមាត់ព្រែក ដែលម្ចាស់ដីចំនួន ០៥នាក់ បានធ្វើសកម្មភាពជាបន្តបន្ទាប់មកនេះ គឺបានរំលោភបំពានដល់ធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមព្រែកធម្មជាតិ ដែលស្ថិតក្នុងតំបន់អេកូទេសចរណ៍ធម្មជាតិតាតៃ។

លោក ណឹម ភិរម្យ អភិបាលស្រុកកោះកុង ដែលបានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីចំនួន ០៥កន្លែង ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ដែលមានបទល្មើសជីកកកាយដីភ្នំ- វាយព្រៃ និង​ដឹកអាចម៍ដីចាក់រំលោភចំណីព្រែក ដើម្បីធ្វើជាកម្មសិទ្ធិឯកជន​ខុសច្បាប់ ថាបានបំផ្លាញដល់ធនធានធម្មជាតិ និងជីវចម្រុះក្នុងមូលដ្ឋាននេះធ្ងន់ធ្ងរ។

នាឱកាសនោះ លោក ណឹម ភិរម្យ ក៏បានប្រាប់ឈ្មោះម្ចាស់ដីចំនួន ០៥នាក់ ដែលធ្វើសកម្មភាពល្មើសខាងលើនេះរួមមាន៖ ឈ្មោះ តេង ប៊ុន- ម៉ម សុថាវី (ប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង- អ៉ឹម ផល- កេត សុជាតិ និង ឈ្មោះ កេត វិចិត្រ ពិតជាបានធ្វើសកម្មភាពជីកកកាយដីព្រៃភ្នំ និងដីចំណីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពិតប្រាកដមែន។ ជាពិសេសរាល់សកម្មភាពប្រើគ្រឿងចក្រជីកកកាយដីភ្នំ- ដឹកដីចាក់លុបចំណីព្រែក និងសាងសង់សំណង់ផ្សេងៗខាងលើនេះ គឺធ្វើឡើងដោយខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។

លោកអភិបាលស្រុកកោះកុង បញ្ជាក់ថា ក្រោយការចុះពិនិត្យដល់ទីតាំងជាក់ស្តែង គឺក្រុមមន្ត្រីបច្ចេកទេស បានសម្រេចឲ្យភាគីម្ចាស់ដីទាំង ០៥នាក់ខាងលើនេះ ត្រូវរុះរើកញ្ចុះ ឬសំណង់របស់ខ្លួន ដែលសង់សំណង់រំលោភដីចំណីព្រែក និងត្រូវកាយយកអាចម៍ដីចេញពីមាត់ព្រែក ដោយរក្សាទុកដីចំណីព្រែក២០ម៉ែត្រ។ ជាងនេះទៀត ក៏ត្រូវដាំដើមឈើ ដែលបានបំផ្លាញដោយការចាក់ដីលុបនៅតាមមាត់ព្រែកទាំងនោះឡើងវិញ ដោយទុករយៈពេល ៣០ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី២៧ ខែមេសាតទៅ។

បន្ថែមលើនេះ លោក ណឹម ភិរម្យ ក៏បានព្រមានថា នឹងមិនអនុញ្ញាតឲ្យភាគីម្ចាស់ដីទាំង ០៥នាក់ និងពាក់ព័ន្ធដទៃទៀត ធ្វើសកម្មភាពជីកកាយដីភ្នំ និងសាងសង់សំណង់ផ្សេងៗ នៅលើចំណីព្រែក ដោយខុសច្បាប់តាម ទៅតាមទំនើងចិត្តទៀតទេ។ ហើយថា បើភាគីម្ចាស់ដីចង់សង់សំណង់ផ្សេងៗ ឬចង់ដឹកអាចម៍ដីចាក់ពង្រាបដី ឬវាយព្រៃ នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន គឺត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន។

ជាងនេះទៀត លោក ណឹម ភិរម្យ អភិបាលស្រុកកោះកុង ក៏បានព្រមានដល់ម្ចាស់ទីតាំងដីទាំង ០៥កន្លែង បន្ទាប់ពីបានធ្វើកិច្ចសន្យារួចហើយៗ ប្រសិនបើភាគីម្ចាស់ដីរូបណា មិនព្រមអនុវត្តតាមកិច្ចសន្យា ឬការណែនាំ របស់រដ្ឋបាលស្រុកកោះកុងទេ គឺអាជ្ញាធរស្រុក នឹងរៀបចំបែបបទដាក់ពាក្យបណ្តឹងប្តឹង ទៅកាន់អយ្យការសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។

យ៉ាងនេះក្តី អ្នកយកព័ត៌មានឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» មិនអាចស្នើសុំការបំភ្លឺពីភាគីម្ចាស់ដីទាំង ០៥រូប ដែល លោក អភិបាលស្រុកកោះកុង បង្ហាញឈ្មោះ ថាបានរំលោភលើដីចំណីមាត់ព្រែក ជីកកកាយដីភ្នំ និងដឹកអាចម៍ដីចាក់លុបរំលោភមាត់ព្រែក ដែលជាដីសាធារណៈរបស់រដ្ឋ នៅមូលដ្ឋានឃុំតាតៃបានទេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយពួកគាត់ម្នាក់ៗ បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕

អត្ថបទដែលជាប់ទាក់ទង