យប់មិញ កម្ពុជា បានទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

រាជធានីភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិន ដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន៧០ម៉ឺនដូស។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។

មកទល់ពេលនេះ កម្ពុជា បានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។

វ៉ាក់សាំងដែលកម្ពុជា ទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋ បានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំង បានចំនួនច្រើនជូនប្រជាពលរដ្ឋ។

អរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេល ដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ប្រភព៖ FB SHS

អត្ថបទដែលជាប់ទាក់ទង