រដ្ឋបាលខេត្តព្រះសីហនុ ​បន្តផ្អាកលក់គ្រឿងស្រវឹង​១៤ថ្ងៃ​ទៀត ​ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា

​ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ​ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត គឺចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ការបន្តចេញសេចក្តីណែនាំនេះ ដោយផ្អែកតាមស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ​ មិនទាន់មានការថមថយនៅឡើយ និងដើម្បីធានា​ការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម។

សេចក្តីណែនាំ ចុះថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានខ្លឹមសារថា៖

  • បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ព្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី​២៩ ខែមេសា ដល់ថ្ងៃទី​១២ ខែមឧសភា ឆ្នាំ​២០២១។
  • គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ។
  • គ្រប់​ភោជនីយដ្ឋាន អាហារ​ដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋាន​អាហារ-ភេសជ្ជៈ  និងអាជីវករលក់ដូរ ចែកចាយគ្រឿងស្រវឹង​គ្របប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹង ជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃបន្ថែមទៀត។

សេចក្តីណែនាំនេះ រដ្ឋបាលខេត្តព្រះសីហនុ​ បានព្រមានថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន​ ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង ដូចរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

សេចក្តីណែនាំ ដដែលនេះ ក៏បានប្រគល់ភារកិច្ច​ជូន នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ្នកគ្រប់គ្រងផ្សារ ម្ចាស់ក្រុមហ៊ុន ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួល​ខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះ ជាសេចក្តីណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១៖

 

 

អត្ថបទដែលជាប់ទាក់ទង