នគរបាលក្រុងព្រះសីហនុ ពិន័យអន្តរការណ៍បុគ្គល៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ ចំពោះបុគ្គលចំនួន០៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

យោងតាម អនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០(ពីរសែន)រៀល ទៅ ១.០០០.០០០ (មួយលាន)រៀល ចំពោះបុគ្គល ដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ចំពោះករណីនេះ ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

បន្ថែមលើនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ០៣កុំ និង ០៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង