ឧកញ៉ា ទៀ វិចិត្រ ដឹកបន្លែត្រីសាច់ជិត១៣តោន ​ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែក​ជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ​នៅតាមផ្ទះ​ក្នុងតំបន់ក្រហម..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយជាគ្រឿងឧបភោគបរិភោគ រួមមាន៖ សាច់ក្រក- ត្រីងៀត និងបន្លែចម្រុះ យកទៅ​ផ្តល់ជូន រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ​ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ជំនួយឧបត្ថម្ភខាងលើនេះ​ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារនាំយកទៅប្រគល់ជូន រដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ​ទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាគណៈកម្មកាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

នាឱកាសនោះដែរ លោក គួច ចំរើន បានចាត់ទុក ជំនួយមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ថា បានឆ្លុះបញ្ចាំងពីសន្ដានចិត្តជ្រះថ្លា សាមគ្គីភាព និងការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះស្បៀងអាហារ គឺអាចជួយសម្រួលដល់ទុក្ខលំបាក របស់ពួកគាត់ បានមួយរយៈពេលដែរ។

នៅក្នុងពិធីនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ​មានប្រសាសន៍ថា ការនាំយកជំនួយជាគ្រឿងឧបភោគបរិភោគ មានដូចជា៖ (ត្រីងៀត សាច់ក្រក និងបន្លែចម្រុះ) មកឧបត្ថម្ភជូន រដ្ឋបាលខេត្តព្រះសីហនុពេលនេះ ដោយរូបលោកយល់ថា រដ្ឋបាលខេត្តព្រះសីហនុ កំពុងត្រូវការចាំបាច់ នូវគ្រឿងឧបភោគបរិភោគទាំងនេះ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចិត្តាឡីស័ក នៅតាមផ្ទះ ក្នុងតំបន់ក្រហម ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានបិទខ្ទប់ ហើយហាមពលរដ្ឋមិនឲ្យចាកចេញពីផ្ទះ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖ ត្រីងៀតចំនួន ១០០០​គីឡូក្រាម, សាច់ក្រកចំនួន ១០០០គីឡូក្រាម និងបន្លែចម្រុះចំនួន ១១៦០០គីឡូក្រាម បានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បី​ចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត ស្បៀងអាហារ នៅក្នុងអំឡុងពេល មូលដ្ឋាននេះ កំពុងរាតត្បាតដោយជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងមិនទាន់មានសញ្ញាថយចុះនៅឡើយ។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានចាត់ទុកការចូលរួមចែករំលែកស្បៀងអាហារ របស់លោកឧកញ៉ា ទៀ វិចិត្រ ថាបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរស សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ដើម្បីជួយសម្រាល​ដល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត។

បន្ថែមលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ដែលបាននាំយកជំនួយមនុស្សធម៌មកផ្ដល់ជូន រដ្ឋបាលខេត្តព្រះសីហនុ នូវគ្រឿងឧប​ភោគបរិភោគ សម្រាប់ចែកជូនបន្តដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន ក៏បានជូនពរ​លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា បុត្រាបុត្រី ព្រមទាំងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលជោគជ័យ ក្នុងជំនួញជួញដូរផ្សេងៗ ឲ្យកាន់តែរីកចំរើនថែមទៀតនាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង