ក្រុមអាជីវករ​​សំណូមពរ​ លោកស្រី មិថុនា ភូថង ជួយពិនិត្យ​​ភាពមិនប្រក្រតី របស់លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ​ដែលតម្រូវឲ្យពួកគាត់បង់លុយ​ច្រើនហួសហេតុ..

ខេត្តកោះកុង៖ អាជីវករភាគច្រើន ដែលកំពុងលក់ដូរទំនិញ ឬសម្ភារៈផ្សេងៗ​នៅផ្សារដងទង់ បានចោទ លោក ម៉ក់ ណុច ប្រធានផ្សារនេះ​ថា​ តម្រូវឲ្យ​បង់លុយ​ច្រើនហួសហេតុពេក ទាក់ទិននឹងសកម្មភាពនៃការលក់ដូរជាប្រចាំថ្ងៃ របស់ពួកគាត់ ដោយប្រធានផ្សារដងទង់រូបនេះ តម្រូវឲ្យអាជីវករនៅតាមទីតាំងនីមួយៗ បង់លុយតាមតែការចង់បាន​របស់គាត់។ ហើយថា ករណីនេះ​ បើមានអាជីវករ​ណាម្នាក់ មិនព្រមបង់លុយតាមការទាមទារ របស់គាត់ទេ គឺអាជីវករទាំងនោះ ​មិនអាចលក់ដូរបានទេនៅក្នុងផ្សារនេះ។​

ត្រង់ចំណុចនេះ អាជីវករភាគច្រើននៅផ្សារដងទង់ បានសំណូមពរដល់ លោកស្រី មិថុនា​ ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនេះ ឲ្យចុះពិនិត្យ ចំពោះសកម្មភាព និងទង្វើ របស់ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ដែលបានតម្រូវឲ្យអាជីវករពួកគាត់បង់លុយភាស៊ី តាមតែការចង់បានរបស់ប្រធានផ្សាររូបនេះ ថាតើបានអនុវត្តត្រឹមត្រូវតាមច្បាប់និវិយោគ ឬច្បាប់ពាណិជ្ជកម្ម ដែលបានព្រមព្រៀងគ្នាជាមួយក្រសួងមន្ទីរ និងស្ថាប័នពាក់ព័ន្ធដែរ ឬយ៉ាងណា?។ ព្រោះថា រាល់ថ្ងៃនេះ អាជីវករ​ភាគច្រើន​នៅផ្សារដងទង់ បានកើតទុកមិនសុខចិត្ត ចំពោះ​សកម្មភាព ដើរទារភាស៊ី ឬជំរិតទារលុយ តាមអំពើចិត្តចង់បាន របស់ប្រធានផ្សារដងទង់ និងភរិយា ​ដែលបានអនុវត្តមកលើអាជីវករពួកគាត់ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

​​ក្រុមអាជីវករ​​​​បានចោទ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ​​ថាបាន​យកភាស៊ីទៅលើការលក់ដូរ ទាំងនៅផ្នែកខាងក្នុង និងខាងក្រៅផ្សារ​ គឺមានភាពមិនប្រក្រី ដោយប្រធានផ្សាររូបនេះ បានកំណត់តម្លៃស្រេចតែចិត្ត គឺចំពោះអាជីវករលក់នៅខាងក្រៅផ្សារវិញ គឺតម្រូវឲ្យអាជីវករក្នុងម្នាក់ត្រូវបង់លុយចំនួន ៥០០០រៀល- អាជីវករខ្លះមួយម៉ឺនរៀល- តូបធំ ០២ម៉ឺនរៀល និងការលក់ដូរក្រោម​ឆ័ត្រ ក៏ត្រូវបង់លុយទៅឲ្យសមត្ថកិច្ច ឬសន្តិសុខយាមម៉ូតូ​នៅផ្សារនេះដែរ។ រីឯអ្នកលក់នៅខាងក្នុងផ្សារវិញ គឺចំពោះការដាក់ធុងក្លាស្សេត្រី និងការដឹកអីវ៉ាន់ចូលផ្សារជាដើម គឺត្រូវបង់ខែ ទៅឲ្យអ្នកគ្រប់គ្រងផ្សារនេះថែមទៀត..។

ដោយឡែក ចំពោះ​ដាក់លក់ទំនិញ ឬម្ហូបអាហារ និងសម្ភារផ្សេងៗ របស់អាជីវករមួយចំនួន នៅលើចិញ្ចើមផ្លូវ​​ចេញមកក្រៅគំនូសផ្លូវថ្នល់វិញ ក៏ត្រូវលោក ម៉ក់ ណុច ប្រធានផ្សារដងទង់នេះ តម្រូវឲ្យ​បង់​លុយ​ខែ ចាប់ពី ៣ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ដោយគ្មានការតវ៉ាដែរ។ ហើយថា រាល់ថ្ងៃនេះ បរិស្ថានទាំងនៅខាងក្រៅ និងខាងក្នុងផ្សារដងទង់វិញ គឺគ្មានអនាម័យនោះទេ ដោយមានជះក្លឹមស្អុយគ្រប់ពេលវេលេា ហើយមិនដែលឃើញប្រធានផ្សារនេះ ធ្វើការសំអាតម្តងណាទេ។

ក្រុមអាជីវករបន្តទៀតថា គ្រាន់តែថ្លៃដាក់ធុង​តូចមួយ​នៅក្នុងផ្សារ​ ក៏ត្រូវប្រធានផ្សារដងទង់រូបនេះ តម្រូវឲ្យបង់ក្នុងមួយខែ ២ម៉ឺនរៀលដែរ ហើយបើចំពោះការដឹកឥវ៉ាន់ចូលផ្សេារនេះវិញ ក៏ត្រូវបង់លុយដែរ ហើយករណីនេះ គឺមានអាជីវករខ្លះ​បានបង់ជាខែ និងអាជីវករខ្លះទៀតបង់លុយតាមថ្ងៃ។ ជាក់ស្តែង ចំពោះករណីដឹកត្រីចូលផ្សារនេះក្នុងរយៈពេល ០២ថ្ងៃដឹកម្តងវិញ គឺត្រូវប្រធានផ្សារនេះ តម្រូវឲ្យអាជីវករ បង់លុយ ក្នុងមួយខែ ១៥ម៉ឺនរៀល និងបង់ថ្លៃធុងផ្លាសេត្រី មួយខែ ២ម៉ឺន ទៅ៥ម៉ឺនរៀល។ តែបើផ្នែកខាងក្រៅផ្សារមួយថ្ងៃត្រូវបង់ ២ម៉ឺន – តូបដាក់ឆត្រ័ ៣៤៥០០រៀល​..។ បន្ថែមលើនេះ សូម្បីតែអ្នកលក់ទឹកកក ដែលមានតូបជាកម្មសិទ្ធិខ្លួនគេផ្ទាល់ ​ក៏ត្រូវ​ប្រធានផ្សារដងទង់នេះ តម្រូវឲ្យបង់លុយ​ដែរ គឺក្នុងមួយខែ១០ម៉ឺនរៀល ក្រោមហេតុផល បើមិនបង់លុយឲ្យគេទេ​ គឺមិនឲ្យលក់ទេ។

ក្រុមអាជីវករបន្តទៀតថា អ្វីដែលពួកគាត់ កាន់តែមានការហួសចិត្តបន្ថែមទៀតនោះគឺ នៅក្នុង​អំឡុងពេល មូលដ្ឋានខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា កំពុងមានការរាតត្បាត នៃជំងឺកូវីដ-​១៩នោះ បែរជា លោក ម៉ក់ ណុច ប្រធានផ្សារដងទង់រូបនេះ ​មិនបាន​បន្ធូរបន្ថយការយកលុយពីក្រុមអាជីវករនោះដែរ ពោលគឺកាន់តែជាន់កអាជីវករថែមទៀត។

ទាក់ទិនបញ្ហា​នេះ លោក ឈេង សុវណ្ណ​ដា អភិបាលក្រុងខេមរភូមិន្ទ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ករណីខាងលើនេះ រូបលោកធ្លាប់បានកោះអញ្ជើញ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ មកណែ​នាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារកន្លងមកហើយ ប៉ុន្តែរូបគាត់នៅតែផ្គើន និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ។ ហើយថា ករណីរឹងទទឹង របស់ លោក ម៉ក់ ណុច ដែលមិនសហការ​​ជាមួយអាជ្ញាធរ​នេះ គឺរូបលោកក្នុងនាមរដ្ឋបាលក្រុងខេមរភូមិន្ទ ​កំពុងត្រៀមបញ្ជូនសំណុំរឿងពីភាពមិនប្រក្រតី របស់លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ខេត្តកោះកុងនេះ ដើម្បី​ដាក់ជូន លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង ដើម្បីសុំគោលការណ៍បន្តនីតិវិធីតាមបច្ចេកទេស ឬតាមផ្លូវច្បាប់ របស់ក្រុមជំនាញផ្នែកវិនិយោគ និងការដេញថ្លៃ ដើម្បីចាត់ការឲ្យមាន​ប្រសិទ្ធភាព។

ចំពោះភាពមិនប្រក្រតី​នេះដែរ ​លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង មានប្រសាសន៍ថា នឹង​ផ្អាក​អាជីវកម្ម​វិនិយោគ របស់ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ខាងលើនេះ​ភ្លាមៗ ប្រសិនបើមន្ត្រីជំនាញ​រកឃើញថា លោក ម៉ក់ ណុច បានធ្វើសកម្មភាពខុសបែបបទ ក្នុងសៀវភៅបញ្ជីពាណិជ្ចកម្ម ដូចការចោទ របស់ក្រុមអាជីវករផ្សារដងទង់បានលើកឡើងមែននោះ។ លោកបន្តថា កន្លងមក​រូបលោក​ពុំដែលទទួលបានរបាយការណ៍ណាមួយ ពីអាជ្ញាធរអ្នកពាក់ព័ន្ធ ឬពីអាជីវករ ​លើករណីមានភាពមិនប្រក្រតី ដែលបានកើតមាននៅផ្សារដងទង់នេះម្តងណាទេ។

យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចមានប្រភពទាក់ទង លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ក្រុមអាជីវករលក់ដូរមួយចំនួន នៅផ្សារដងទង់​ បាន​ទេ​នៅថ្ងៃសុក្រ ទី​៣០ ខែមេសា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង